(កៀវ)៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានបំពេញទស្សនកិច្ចមកកាន់អ៊ុយក្រែន ដើម្បីបង្ហាញការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុងកៀវ ខណៈសល់២សប្តាហ៍ទៀតប៉ុណ្ណោះ អាមេរិកនឹងត្រូវរៀបចំការបោះឆ្នោតរើសប្រធានាធិបតីអាណត្តិថ្មី ដែលកំពុងបង្កភាពស្រពេចស្រពិល ចំពោះអនាគតនៃការគាំទ្ររបស់លោកខាងលិច សម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤។
លោក Austin បានប្រកាសឱ្យដឹងអំពីដំណើរទស្សនកិច្ចខាងលើ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម ដោយភ្ជាប់ជាមួយរូបភាព លោកកំពុងតែស្ថិតនៅឯស្ថានីយរថភ្លើង ហើយលោកបាននិយាយថា រូបលោកបានត្រឡប់មកកាន់អ៊ុយក្រែនសាជាថ្មី ដើម្បីបង្ហាញថា សហរដ្ឋអាមេរិក រួមជាមួយសហគមន៍អន្តរជាតិ នៅតែបន្តឈរនៅជាមួយអ៊ុយក្រែនជានិច្ច។ វាគឺជាទស្សនកិច្ចលើកទី៤ ហើយអាចជាលើកចុងក្រោយផងដែរ សម្រាប់លោក Austin មកកាន់អ៊ុយក្រែន ក្នុងនាមជាប្រមុខការពារជាតិ របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើកើតមានឡើង នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នាថ្ងៃទី៥ ខែវិច្ឆិកា ជាពេលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនរបស់បក្សសាធារណរដ្ឋ នឹងព្យាយាមស្វែងរកការជាប់ឆ្នោតអាណត្តិទី២ ក្នុងការប្រកួតប្រជែង ជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជនបក្សប្រជាធិបតេយ្យ។ លោក បៃដិន បានសម្រេចចិត្តមិនបន្តឈរឈ្មោះអាណត្តិទី២។ លោក ត្រាំ ធ្លាប់បង្ហាញសញ្ញាថា រូបលោកនឹងមានភាពស្ទាក់ស្ទើរជាងលោក បៃដិន ក្នុងការបន្តគាំទ្រអ៊ុយក្រែន ខណៈប្រការនេះអាចធ្វើឱ្យទីក្រុងកៀវ បាត់បង់អ្នកគាំទ្រយោធា និងហិរញ្ញវត្ថុធំបំផុត របស់ខ្លួន៕