(បេរូត)៖ អ្នកស្រុករាប់រយនាក់ នៅក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ បាននាំគ្នាចាកចេញពីផ្ទះសម្បែង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីអ៉ីស្រាអែលប្រកាសថា ខ្លួនកំពុងរៀបចំវាយប្រហារលើទីតាំង ដែលក្រុមហេសបូឡា អាចប្រើប្រាស់សម្រាប់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ហើយប្រាប់ឱ្យប្រជាជនចាកចេញពីតំបន់ទាំងនោះ ជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤។
ភ្លាមៗ ក្រោយអ៉ីស្រាអែល ព្រមានបែបនេះ ការផ្ទុះ និងឆាបឆេះបានកើតឡើង នៅជាយក្រុងបេរូត ភាគខាងត្បូង។ ប៉ុន្តែមិនទាន់មានព័ត៌មានអំពីមូលហេតុនៃការផ្ទុះ ឬព័ត៌មានលម្អិតនៃអ្នករងគ្រោះនៅឡើយទេ។ សាក្សីនិយាយថា អ្នកភ័យស្លន់ស្លោបាននាំគ្នារត់គេច បណ្តាលឱ្យកកស្ទះចរាចរណ៍ នៅផ្នែកខ្លះនៃទីក្រុងបេរូត ខណៈពួកគេព្យាយាមធ្វើដំណើរទៅកាន់សង្កាត់ផ្សេងៗ ដែលខ្លួនគិតថាមានសុវត្ថិភាព។
ធនាគារ Al-Qard al-Hassan ដែលសហរដ្ឋអាមេរិកថា ក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ ប្រើប្រាស់សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន មានសាខាច្រើនជាង ៣០កន្លែងនៅទូទាំងលីបង់ ក្នុងនោះ ១៥សាខា ស្ថិតនៅតំបន់ដែលមានប្រជាជនច្រើន នៃផ្នែកកណ្តាល និងជាយក្រុងបេរូត។
គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល បានជូនដំណឹងដល់ប្រជាជនលីបង់ អំពីការចាប់ផ្តើមវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់ធនាគារ Al-Qard Al-Hassan ហើយអំពាវឱ្យពួកគេចាកចេញពីទីតាំងអស់នោះ។ ដោយឡែក ក្រុមហេសបូឡា ក៏ដូចជារដ្ឋាភិបាលលីបង់ មិនបានចេញសេចក្តីថ្លែងការណ៍ណាមួយទេ៕