(ប្រាស៊ីលីយ៉ា)៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា បានលុបចោលការធ្វើដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS បន្ទាប់ពីមានវេជ្ជបញ្ជាឱ្យរូបលោកផ្អាកធ្វើដំណើរផ្លូវឆ្ងាយជាបណ្ដោះអាសន្ន ក្រោយរងរបួសត្រង់ក្បាលដោយសារ ការដួលនៅឯផ្ទះរបស់លោក បង្កឱុ្យមានការហូរឈាមក្នុងខួរក្បាលបន្តិចបន្តួច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យប្រធានាធិបតីប្រេស៊ីល បានឱ្យដឹងថាលោក Lula មានអាយុ៧៨ឆ្នាំ នឹងចូលរួមកិច្ចប្រជុំ BRICS តាមរយៈវីដេអូខុនហ្វេរិន។ លោក Lula ដំបូងឡើយ មានគម្រោងចេញដំណើរទៅកាន់រុស្ស៉ី នៅម៉ោង៥រសៀល កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែ វេជ្ជបណ្ឌិតរបស់លោក Lula គឺលោក Roberto Kalil បាន លើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ GloboNews TV ថាលោកប្រធានាធិបតីបានដួលបណ្ដាលឱ្យរងរបួសត្រង់ក្បាលផ្នែកខាងក្រោយ បង្កឱ្យមានឈាមហូរ ក្នុងខួរក្បាលបន្តិចបន្តួច ដែលតម្រូវឱ្យបន្តការពិនិត្យតាមដាន និងធ្វើតេស្ដជាច្រើនដង។
លោក Roberto Kalil បានបញ្ជាក់ទៀតថាលោក Lula មានសុខភាពល្អធម្មតា ហើយអាចបំពេញការងារជាធម្មតា តែត្រូវចៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ ជាបណ្ដោះអាសន្ន។
គួរបញ្ជាក់ថា រដ្ឋាភិបាលប្រេស៊ីល បានសម្រេចចិត្តចាត់តាំងឱ្យរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira ដឹកនាំគណៈប្រតិភូប្រេស៊ីលចូលរួមកិច្ចប្រជុំកំពូល BRICS តំណាងឱ្យលោក Lula។ កិច្ចប្រជុំ BRICS នឹងត្រូវប្រព្រឹត្តទៅនៅឯទីក្រុង Kazan ប្រទេសរុស្ស៉ី ចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕