(ប៉េកាំង)៖ នៅថ្ងៃអាទិត្យ ទី២០ ខែតុលានេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានចូលរួមផ្ញើសារអបអរសាទរទៅកាន់ លោក Prabowo Subianto ក្នុងឱកាសដែលលោក បានស្បថចូលកាន់តំណែងជាផ្លូវការ ជាប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូណេស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសារអបអរសាទរខាងលើ លោកប្រធានាធិបតីចិន បាននិយាយថា លោកនឹងរក្សាទំនាក់ទំនងយុទ្ធសាស្រ្តជិតស្និទ្ធជាមួយលោក Prabowo។ លោក ស៉ី បានបន្តថា ចិននិងឥណ្ឌូណេស៉ី តាំងតែពីដើមមកគឺជាអ្នកជិតខាងល្អនឹងគ្នា ហើយភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ បានបន្តទទួលបានភាពប្រសើរឡើងជាលំដាប់ ហើយថែមទាំងបានឈានចូល ដំណាក់កាលថ្មីមួយ នៃការកសាងឆ្ពោះទៅរកអនាគតរួម។
គួរបញ្ជាក់ថា លោក Prabowo បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីឥណ្ឌូណេស៉ីទី៨ បន្តពីលោក Joko Widodo បន្ទាប់ពីទទួលជ័យជម្នះ ក្នុងការបោះឆ្នោតកាលពីខែកុម្ភៈ ឆ្នាំនេះ។ មុនបានក្លាយជាប្រធានាធិបតី លោក Prabowo ធ្លាប់បានចូលរួម និងចាញ់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល២លើក គឺនៅឆ្នាំ២០១៤ និងឆ្នាំ២០១៩ ហើយបានកាន់តួនាទីជា រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក Joko Widodo ក្នុងឆ្នាំ២០១៩៕