(អ៉ីតាលី)៖ កាលពីថ្ងៃសៅរ៍ ទី១៩ ខែតុលា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិក ចង់ឃើញអ៉ីស្រាអែលកាត់បន្ថយ ការវាយប្រហារមួយចំនួនរបស់ខ្លួន នៅក្នុងនិងជុំវិញរដ្ឋធានីបេរូតនៃប្រទេសលីបង់ ហើយ​លោកបានបន្ថែមថា ចំនួនជនស៉ីវិលដែលបានបាត់បង់ជីវិត ក្នុងការវាយប្រហារនោះទាំងនោះ គឺខ្ពស់ខ្លាំងពេក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការលើកឡើងរបស់លោក Austin គឺនៅប៉ុន្មានម៉ោង ក្រោយអ៉ីស្រាអែល បានធ្វើការវាយប្រហារក្នុងកម្រិតធ្ងន់ លើទីតាំងមួយចំនួន នៅតំបន់ជាយភាគខាងត្បូងទីក្រុងបេរូត។ អ៉ីស្រាអែល បានអះអាងថា ខ្លួនបានវាយប្រហារលើ កន្លែងលាក់អាវុធរបស់ក្រុមហេសបូឡា។ ប្រជាជនរាប់ម៉ឺននាក់ បាននាំគ្នារត់ភៀសខ្លួនចេញពីតំបន់ជាយភាគខាងត្បូងបេរូត ដែលធ្លាប់ជាតំបន់មានមនុស្សរស់នៅប្រមូលផ្តុំច្រើន ប៉ុន្តែទន្ទឹមគ្នាក៏ជាកន្លែងការិយាល័យ និងមូលដ្ឋានក្រោមដីរបស់ក្រុមហេសបូឡា ស្ថិតនៅផងដែរ ចាប់តាំងពីអ៉ីស្រាអែល បានចាប់ផ្តើម​បើកការវាយប្រហារជាប្រចាំនៅទីនោះ កាលពីប្រមាណ៣សប្តាហ៍មុន។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ G7 នៅទីក្រុង Naples នៃប្រទេសអ៉ីតាលី លោក Austin បាននិយាយដូច្នេះថា «យើងចង់ឃើញអ៉ីស្រាអែល កាត់បន្ថយការវាយប្រហារមួយចំនួន ដែលពួកគេកំពុងតែបន្តធ្វើឡើង ជាពិសេសនៅក្នុងនិងជុំវិញទីក្រុងបេរូត។ លើសពីនេះ យើងចង់ឃើញស្ថានការណ៍ ឈានទៅរកការចរចាគ្នា ក្នុងទម្រង់ណាមួយ ដែលអាចនឹងអនុញ្ញាតឱ្យជនស៉ីវិលនៅព្រំដែនទាំងសងខាង វិលត្រឡប់ទៅផ្ទះវិញ»។

គួរបញ្ជាក់ថា ក្រុមហេសបូឡា បានបាញ់ផ្លោងដាក់គ្នាជាមួយអ៉ីស្រាអែល ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន បានផ្ទុះឡើងនៅតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំមុន។ ប៉ុន្តែប៉ុន្មានសប្តាហ៍មកនេះ អ៉ីស្រាអែល បានបង្កើនការវាយប្រហារយ៉ាងខ្លាំង លើប្រទេសលីបង់ ដើម្បីប្រឆាំងក្រុមហេសបូឡា ហើយថែមទាំងបើកប្រតិបត្តិការយោធាតាមផ្លូវគោក ដើម្បីព្យាយាមស្តារស្ថិរភាពឡើងវិញ នៅតំបន់ព្រំដែនភាគខាងជើងរបស់ខ្លួន ក្នុងបំណងឱ្យពលរដ្ឋអ៉ីស្រាអែល ដែលរត់ភៀសខ្លួន អាចត្រឡប់ទៅផ្ទះវិញ៕