(ហ្សាការតា)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលានេះ លោក Prabowo Subianto បានស្បថចូលកាន់តំណែងជាផ្លូវការហើយ ជាប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូណេស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Prabowo ដែលមានវ័យ៧៣ឆ្នាំ បានធ្វើសច្ចាប្រណិធាន ចូលកាន់តំណែងជាប្រធានាធិបតីទី៨ នៅវិមានសភាឥណ្ឌូណេស៉ី បន្ទាប់ពីរូបលោកបានទទួល​ជ័យជម្នះ ក្នុងការបោះឆ្នោត កាលពីខែកុម្ភៈ ឆ្នាំនេះ។ ទន្ទឹមគ្នាលោក Gibran Rakabuming Raka ដែលត្រូវជាកូនប្រុសច្បងរបស់ប្រធានាធិបតីផុតអាណត្តិ លោក Joko Widodo ក៏បានស្បថចូលកាន់តំណែង ជាអនុប្រធានាធិបតីផងដែរ។

ឥណ្ឌូណេស៉ីបានដាក់ពង្រាយងកម្លាំងសន្តិសុខ សរុបយ៉ាងហោច ១០០,០០០នាក់ នៅទូទាំងរដ្ឋធានីហ្សាការតា ដើម្បីការពារសុវត្ថិភាព អំឡុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មី។ ក្រោយចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃអាទិត្យនេះ លោក Prabowo ត្រូវបានរំពឹងថា នឹងជួបជាមួយឥស្សរជនក៏ដូចជាប្រមុខរដ្ឋ/រដ្ឋាភិបាលបរទេស ថែមទៀតផង។

គួរបញ្ជាក់ថា មុនបានក្លាយជាប្រធានាធិបតី លោក Prabowo ធ្លាប់បានចូលរួម និងចាញ់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល២លើក រួចមកហើយ គឺនៅឆ្នាំ២០១៤ និងឆ្នាំ២០១៩ ហើយបានកាន់តួនាទីជា រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក Joko Widodo ក្នុងឆ្នាំ២០១៩៕