(ព្រុចសែល)៖​ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប​ បាននិយាយថា បទឈប់បាញ់គឺជាអាទិភាពមួយសម្រាប់តំបន់មជ្ឈិមបូព៌ា ហើយការសម្លាប់មេដឹកនាំរបស់ក្រុមហាម៉ាស​ លោក​ Yaya Sinwar ដោយកងកម្លាំងអ៉ីស្រាអែល​ អាចបង្កើននូវឱកាសសម្រេចបាន។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី១៩​ ខែតុលា​ ឆ្នាំ​ ២០២៤។

លោក Josep Borrell ប្រាប់អ្នកយកព័ត៌មាន​នៅឯកិច្ចប្រជុំនៃរដ្ឋមន្ត្រីការពារជាតិ G7 ក្នុងទីក្រុង Naples ថា​ បន្ទាប់ពីការសម្លាប់​ លោក Sinwar មានទស្សនវិស័យថ្មីមួយលេចឡេីង​ ហើយយើងត្រូវប្រើវា​ ដើម្បីឈានទៅសម្រេចបទឈប់បាញ់ ការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល​ដែលនៅសេសសល់​ ហេីយស្វែងរកទស្សននយោបាយ​ សម្រាប់អនាគតតំបន់ហ្កាហ្សា​។

ជុំវិញការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុម​ Hezbollah​លោក​ Borrell និយាយថា កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ​ នៅប្រទេសលីបង់ (UNIFIL)​ អាចរងការប៉ះទង្គិចថែមទៀត​ ហេីយប្រហែលជាត្រូវពិនិត្យការដាក់បេសកកម្មរបស់ខ្លួនឡេីងវិញ ប៉ុន្តែរឿងដំបូងដែលត្រូវធ្វើនោះ ក៏ជាការសម្រេចឱ្យបាននូវបទឈប់បាញ់។

គួរបញ្ជាក់ថា​ អ៉ីស្រាអែល​ ចាត់ទុកលោក​ Yaya Sinwar​ ថាជាអ្នកទទួលខុសត្រូវ​ចំពោះការវាយឆ្មក់ចូលទឹកដីរបស់ខ្លួន​កាលពីថ្ងៃទី៧​ ខែតុលា​ ឆ្នាំមុន។ ការសម្លាប់របស់ Sinwar ក៏អាចត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល និងបទឈប់បាញ់ផងដែរ ចាប់តាំងពី​ លោកត្រូវបានគេជឿថា​ ជាអ្នករារាំងដ៏សំខាន់មួយនៃកិច្ចព្រមព្រៀង៕