(តេហេរ៉ង់)៖​ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់​ បានរាយការណ៍ថា សមយុទ្ធកងទ័ពជើងទឹកដែលរៀបចំដោយអ៉ីរ៉ង់​ និងមានការចូលរួមពីរុស្ស៉ី ប្រទេសអូម៉ង់ ហេីយសង្កេតការដោយប្រទេសចំនួន​ ៩ផ្សេងទៀត​ បានចាប់ផ្តើមនៅក្នុងមហាសមុទ្រឥណ្ឌា​ នាថ្ងៃសៅរ៍​ ទី១៩​ ខែតុលា​ ឆ្នាំ​២០២៤​។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ទូរទស្សន៍ Press TV ផ្សាយជាភាសាអង់គ្លេស​ បានឱ្យដឹងថា សមយុទ្ធ IMEX 2024​ គឺសំដៅជំរុញសន្តិសុខសមូហភាពក្នុងតំបន់ ពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងបង្ហាញពីសុច្ឆន្ទៈ សមត្ថភាព​ ដើម្បីការពារសន្តិភាព មិត្តភាព ក៏ដូចជាសន្តិសុខដែនសមុទ្រ។ កងកម្លាំងដែលមកចូលរួម​ នឹងអនុវត្តនូវយុទ្ធសាស្ត្រ​ ដើម្បីធានាសន្តិសុខពាណិជ្ជកម្មតាមដែនសមុទ្រអន្តរជាតិ ការពារផ្លូវសមុទ្រ ពង្រឹងវិធានការមនុស្សធម៌ និងផ្លាស់ប្តូរព័ត៌មានស្តីពីប្រតិបត្តិការជួយសង្គ្រោះ​។

សមយុទ្ធនេះ​ ធ្វើឡើងដំណាលគ្នាភាពតានតឹងខ្លាំងក្នុងតំបន់ ដែលមានសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស់​ នៅតំបន់ហ្កាហ្សា​ ហើយក្រុមហ៊ូទី​គាំទ្រដោយអ៉ីរ៉ង់​ របស់យេម៉ែន​ ក៏បាននិងកំពុងបើកការវាយប្រហារលើនាវា​ ឆ្លងកាត់សមុទ្រក្រហម​។

គួរបញ្ជាក់ថា​ ឆ្លើយតបនឹងភាពតានតឹងក្នុងតំបន់ជាមួយសហរដ្ឋអាមេរិក អ៉ីរ៉ង់​បានបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៉ី​ និងចិន។ កាលពីខែមីនា អ៉ីរ៉ង់ ចិន និងរុស្ស៉ី​ បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាលើកទី​ ៥នៅឈូងសមុទ្រអូម៉ង់។ ប្រទេស​ដែល​ចូលរួមសង្កេត​ការណ៍​ មាន អារ៉ាប៊ីសាអូឌីត កាតា ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស និង​ថៃ៕