(ហ្ស៊េរុយសាឡិម)៖ ដ្រូនមួយគ្រឿងត្រូវបានបាញ់តម្រង់សំដៅទៅរកផ្ទះរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅក្នុងទីក្រុង Caesarea ស្ថិតនៅភាគខាងជើងអ៉ីស្រាអែល នៅថ្ងៃសៅរ៍ ទី១៩ ខែតុលានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការិយាល័យរបស់លោក Netanyahu បានឱ្យដឹងថាលោកនាយករដ្ឋមន្ត្រី និងភរិយាមិនបានស្ថិតនៅក្នុងផ្ទះនោះទេ ហើយក៏មិនមានអ្នករងរបួសណាម្នាក់នោះដែរ។ នៅ មុននេះបន្តិច យោធាអ៉ីស្រាអែលបាននិយាយថាមានដ្រូនមួយគ្រឿងត្រូវបានបាញ់ចេញពីប្រទេសលីបង់ ហើយបានវាយប្រហារលើអគារមួយ។ ប៉ុន្តែភ្លាមៗមិនទាន់មាន ការបញ្ជាក់ថាតើអគារនោះគឺជាផ្ទះរបស់លោក Netanyahu ឬក៏យ៉ាងណានោះទេ ខណៈដ្រូន២គ្រឿងផ្សេងទៀតដែលបានហោះចូលទឹកដីអ៉ីស្រាអែលត្រូវបានស្ទាក់ បំផ្លាញ។
បើតាមអាជ្ញាធរអ៉ីស្រាអែល មិនមានសេចក្ដីរាយការណ៍ពីអ្នករងរបួសនោះទេ រីឯការផ្ទុះបានកើតឡើងនៅក្នុងទីក្រុង Caesarea ជាទីដែលលោក Netanyahu មានផ្ទះ លំហែកាយមួយនៅទីនោះ។ ចំណែក ក្រុមហេសបូឡាវិញ ក៏មិនបានធ្វើការអត្ថាធិប្បាយ ឬអះអាងអ្វីនោះដែរ៕