(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមក្នុងពិធីចូលកាន់តំណែងរបស់លោក Prabowo Subianto ជាប្រធានាធិបតីថ្មី និងលោក Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា នៅឯរដ្ឋធានីហ្សាការតា។
អមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលនេះរួមមាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម ព្រមទាំងឥស្សរជន មួយចំនួនទៀត។
ការអញ្ជើញចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីចូលកាន់តំណែងប្រធានាធិបតីថ្មី និងអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នេះនឹងបង្ហាញយ៉ាងច្បាស់ពីភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។
* តើលោក Prabowo ជានរណា?
លោក Prabowo Subianto គឺជាសហស្ថាបនិកបង្កើតគណបក្ស Gerindra Party ក្នុងឆ្នាំ២០០៨ និងបានកាន់តំណែងជាប្រធានគណបក្សមួយនេះពីឆ្នាំ២០១៤ មកទល់នឹងបច្ចុប្បន្ន។ លោក Prabowo ត្រូវបានជ្រើសតាំងជាបេក្ខជនប្រធានាធិបតីកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ និងបានចុះឈ្មោះជាបេក្ខជនប្រធានាធិបតី ជាផ្លូវការកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
លោក Prabowo កើតនៅក្នុងរដ្ឋធានីហ្សាការតា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥១។ លោកជាកូនទី៣ ក្នុងចំណោមកូន៤នាក់ដែលកើតចេញពីគ្រួសារអ្នកមាន និងមានឥទ្ធិពលបំផុតមួយ ក្នុងប្រទេសឥណ្ឌូណេស៊ី។ ឪពុករបស់លោកមានឈ្មោះថា Soemitro Djojohadikusumo ជាធ្លាប់ជាអ្នកនយោបាយ និងសេដ្ឋកិច្ចវិទូ ដ៏ល្បីល្បាញម្នាក់ ដែលធ្លាប់បានកាន់តំណែងជាច្រើន ក្នុងជួរគណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Sukarno និងលោក Soeharto។ ចំណែកឯ ម្ដាយរបស់លោកមាន ឈ្មោះថា Dora Marie Siregar បានបញ្ចប់ការសិក្សាមុខជំនាញគិលានុបដ្ឋាយិកាជំនួយការវះកាត់ ក្នុងប្រទេសហូឡង់។
លោក Prabowo ក៏ជាចៅប្រុសរបស់លោក Margono Djojohadikusumo ផងដែរដែលជាអតីតស្ថាបនិកធនាគារ Bank Negara Indonesia (BNI) និងប្រធាន ដំបូងបំផុត នៃក្រុមប្រឹក្សាផ្ដល់យោបល់ជាន់ខ្ពស់ ដែលត្រូវបានរំលាយចោលក្នុងឆ្នាំ២០០៣។ លោក Prabowo បានចំណាយពេលភាគច្រើននៃកុមារភាពរបស់លោក នៅឯបរទេស ដោយសារតែឪពុក របស់លោកមានជាប់ពាក់ព័ន្ធនឹងចលនាបដិវត្តន៍ Revolutionary Government of the Republic of Indonesia (PRRI) ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៥៨ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលលោក Sukarno។ ដោយសារចំណាយពេលភាគច្រើនរស់នៅបរទេស លោក Prabowo អាចនិយាយភាសាបារាំង អាល្លឺម៉ង់ អង់គ្លេស និងហូឡង់បានយ៉ាងស្ទាត់ជំនាញ។
លោក Prabowo បានចូលបម្រើការក្នុងជួរកងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី (ABRI) មួយរយៈពេលខ្លី ក្រោយបញ្ចប់ការសិក្សាពីសាលាយោធា Armed Forces Academy (AKABRI) ក្នុងឆ្នាំ១៩៧៤។ លោកបានកាន់តំណែងជាមេបញ្ជាការនៃទីបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រឥណ្ឌូណេស៊ី ក្នុងឆ្នាំ១៩៩៨ និងជាមេបញ្ជាការកងកម្លាំងពិសេស ឥណ្ឌូណេស៊ី ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨។ លោកបានបម្រើការក្នុងជួរកងកម្លាំង ABRI អស់រយៈពេល២៨ឆ្នាំ តែក្រោយមករូបលោកត្រូវបានបណ្ដេញចេញពីយោធា ក្រោយការដួលរលំនៃរបបដឹកនាំរបស់លោក Soeharto ក្នុងឆ្នាំ១៩៩៨។
លោក Prabowo បានរៀបការជាមួយកូនស្រីម្នាក់របស់លោក Soeharto គឺអ្នកស្រី Siti Hediati Hariyadi ក្នុងឆ្នាំ១៩៨៣។ ប៉ុន្តែរៀបការបានមិនយូរប៉ុន្មាន អ្នកទាំង២ បានចែកផ្លូវគ្នា បន្ទាប់ពីលោក Soeharto លាលែងចេញពីតំណែង។ អ្នកទាំង២ មានកូនប្រុសម្នាក់ឈ្មោះ Didit Hediprasetyo ដែលជាអ្នករចនាម៉ូតម្នាក់ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ លោក Prabowo បានធ្វើមាតុភូមិនិវត្តន៍ត្រឡប់ចូលឥណ្ឌូណេស៊ីវិញ ក្នុងឆ្នាំ២០០១ ក្រោយរស់នៅនិរទេសខ្លួន ក្នុងប្រទេសហ្ស៊កដានី។
បន្ទាប់ពីបានត្រឡប់ចូលស្រុកវិញ លោក Prabowo បានបង្កើតក្រុមហ៊ុន Nusantara Energy និងបង្កើតក្រុមហ៊ុនសម្ព័ន្ធ Nusantara Group រកស៊ីខាងប្រេងដូង ធ្យូងថ្ម ឧស្ម័ន រ៉ែ កសិកម្ម និងនេសាទ។
លោក Prabowo ធ្លាប់បានចូលរួម និងចាញ់ការប្រកួតប្រជែងក្នុងការបោះឆ្នោតសកល២លើករួចមកហើយ ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៩ ហើយបានក្លាយជា រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក Jokowi ក្នុងឆ្នាំ២០១៩៕