(ព្រុចសែល)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១៨ ខែតុលា បានបង្កើនការអំពាវនាវឱ្យបទឈប់បាញ់មួយនៅក្នុងតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង បន្ទាប់ពីការស្លាប់ របស់មេដឹកនាំហាម៉ាស លោក Yahya Sinwar ខណៈអ៉ីស្រាអែល និងក្រុមហាម៉ាស រួមទាំងក្រុមហេសបូឡា ប្ដេជ្ញាបន្តធ្វើសង្រ្គាមនៅហ្កាហ្សា និងនៅលីបង់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សហរដ្ឋអាមេរិក តាមរយៈរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បាននិយាយថាការស្លាប់របស់លោក Sinwar នៅក្រោមស្នាដៃទាហានអ៉ីស្រាអែល គឺជាជោគជ័យមួយដ៏ធំ ដោយសារតែមេដឹកនាំហាម៉ាសរូបនេះគឺជាអ្នកនៅពីក្រោយការរៀបចំការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៉ីស្រាអែល នាំឱ្យផ្ទុះសង្រ្គាមនៅហ្កាហ្សា។ «ការស្លាប់ របស់ Yahya Sinwar បានលុបបំបាត់ចោលឧបសគ្គមួយផ្នែកធំ ព្រមទាំងផ្ដល់ឱកាសដ៏ពិសេសដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់យូរអង្វែង សំដៅបញ្ចប់សង្រ្គាមនេះ និងពន្លឿន ការផ្ដល់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក Lloyd Austin នៅឯសន្និសីទសារព័ត៌មាននៅទីស្នាក់ការ NATO ក្នុងទីក្រុងព្រុចសែល។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Lloyd Austin ធ្វើឡើង ក្រោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានសន្យាថានឹងបន្តធ្វើសង្រ្គាម។ លោក Sinwar ត្រូវបានទាហានអ៉ីស្រាអែលសម្លាប់ នៅក្នុងការវាយប្រយុទ្ធគ្នានៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា កាលពីថ្ងៃទី១៦ ខែតុលា ហើយអ៉ីស្រាអែលបានអះអាងពីការសម្លាប់មេដឹកនាំហាម៉ាស រូបនេះកាលពីថ្ងៃទី១៧ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែតុលា ទើបក្រុមហាម៉ាសទទួលស្គាល់ថាលោក Sinwar ស្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយទាហានអ៉ីស្រាអែល រហូតដល់ដង្ហើម ចុងក្រោយ៕