(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃសុក្រ​ ទី១៨ ខែតុលា​ថាកូរ៉េខាងជើងបានបញ្ជូនកងទ័ព ១៥០០នាក់ទៅកាន់តំបន់ចុងបូព៌ា បំផុតរបស់រុស្ស៉ី សម្រាប់ការបណ្ដុះបណ្ដាល និងរៀនសម្របខ្លួននៅតាមមូលដ្ឋានយោធា មុននឹងត្រូវបានដាក់ពង្រាយទៅកាន់សមរភូមិនៅអ៊ុយក្រែន ដើម្បីជួយកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង NIS ក៏បានបញ្ជាក់ដែរថាខ្លួនកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ហើយបានប្រើប្រាស់ បច្ចេកវិទ្យាស្កែនមុខ AI ក្នុងការកំណត់អត្តសញ្ញាណមន្ត្រីកូរ៉េខាងជើងនៅក្នុងតំបន់ដូណេត ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលកំពុងផ្ដល់ការគាំទ្រដល់រុស្ស៉ី ក្នុងការបាញ់មីស៊ីលកូរ៉េខាងជើង។

ការអះអាងរបស់ទីភ្នាក់ងារស៊ើបការណ៍កូរ៉េខាងត្បូង ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកទទួលបានព័ត៌មានសម្ងាត់ ដែលបានរាយការណ៍ថាកូរ៉េខាងជើងកំពុងបង្វឹកកងទ័ព ១០ ០០០នាក់ ដើម្បីបញ្ជូនទៅជួយកងទ័ពរុស្ស៉ី នៅក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមចារកម្មកូរ៉េខាងត្បូង កូរ៉េខាងជើងក៏បានបញ្ជូនគាំទ្រកាំភ្លើងធំ មីស៊ីលបាលិស្ទីគ និងរ៉ុក្កែតប្រឆាំងរថក្រោះទៅឱ្យរុស្ស៉ីផងដែរ ប្រមាណជា ១៣ ០០០កុងតឺន័រ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣មក។ ប៉ុន្តែទាំងកូរ៉េខាងជើង និងរុស្ស៉ី បានច្រានចោលការចោទប្រកាន់បែបនេះ ខណៈវិមានក្រឹមឡាំងថ្មីៗនេះបានបដិសេធចោលនូវព័ត៌មាន ដែលថាកូរ៉េខាងជើងបញ្ជូនទ័ពទៅជួយរុស្ស៉ីនៅអ៊ុយក្រែន ដោយចាត់ទុកថាជារឿងមិនពិត៕