(ប៉េកាំង)៖ គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន (NHC) កំពុងសាកសួរមនុស្សចំនួន ៣០,០០០នាក់ ដើម្បីស្វែងយល់អំពីមូលហេតុ ដែលជះឥទ្ធិពលលើការសម្រេចចិត្ត និងក្តីបារម្ភរបស់ពួកគេ ចំពោះការមានកូន ខណៈដែលអាជ្ញាធរចិន ព្យាយាមដោះស្រាយ បញ្ហាអត្រាកំណើតទាប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ ២០២៤។
ដោយដកស្រង់ប្រភពពី មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍប្រជាជនចិននៃ NHC កាសែត Global Times រាយកាណ៍ថា ការស្ទង់មតិ នឹងធ្វើឡើងចំពោះមនុស្សមកពីស្រុកចំនួន១៥០ ក៏ដូចជាសហគមន៍ ១,៥០០ផ្សេងៗគ្នា។ ការស្ទង់មតិនេះ មានគោលបំណងវិភាគ លើភាពស្ទាក់ស្ទើរ និងការភ័យខ្លាចក្នុងការមានកូន ហើយផ្តល់មកវិញនូវការគាំទ្រ និងវិធានការលើកទឹកចិត្ត។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង កំពុងព្យាយាម លើកទឹកចិត្តដល់គូស្វាមីភរិយាវ័យក្មេង ឱ្យយកកូន បន្ទាប់ពីចំនួនប្រជាជនចិន បានធ្លាក់ចុះជាលើកទីពីរ កាលពីឆ្នាំ ២០២៣។ ចំនួនប្រជាជនច្រើនតែងតែផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍប្រទេសចិន ហើយមន្រ្តីសុខាភិបាលចិន បានឱ្យដឹងកាលពីខែកញ្ញាថា ពួកគេនឹងប្រឹងប្រែងជំរុញឱ្យយុវជន មានទស្សនៈវិជ្ជមានលើ ការរៀបអាពាហ៍ពិពាហ៍ ការសម្រាលកូន និងការបង្កើតគ្រួសារ៕