(អ៉ីស្លាម៉ាបាដ)៖ អតីតនាយករដ្ឋមន្រ្តី លោក Nawaz Sharif បាននិយាយថា វត្តមានរដ្ឋមន្រ្តីការបរទេសឥណ្ឌា នៅប្រទេសប៉ាគីស្ថាន ក្នុងសប្តាហ៍នេះ គឺជាការចាប់ផ្តើមល្អ នៃផ្លូវឆ្ពោះទៅរកការធ្វើទំនាក់ទំនង រវាងប្រទេសគូទំនាស់ទាំងពីរឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ ២០២៤។
លោក Subrahmanyam Jaishankar បានស្ថិតក្នុងប្រទេសប៉ាគីស្ថាន សម្រាប់កិច្ចប្រជុំរបស់រដ្ឋាភិបាល នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ លោក Nawaz Sharif ត្រូវបានដកស្រង់សម្តីដោយកាសែត Indian Express នៅពេលនិយាយទៅកាន់ក្រុមអ្នកកាសែតឥណ្ឌា ដូច្នេះថា «នេះជារបៀបដែលការចរចាឈានទៅមុខ ហើយការពិភាក្សាគ្នាមិនគួរ បញ្ឈប់ឡើយ»។ បើតាម កាសែត Times of India វិញ លោក Sharif បាននិយាយថា «យើងខាតបង់ពេលអស់ ៧៥ឆ្នាំមកហើយ វាជារឿងសំខាន់ដែលយើងមិនគួរ ឱ្យខាតបង់ពេលវេលា ៧៥ឆ្នាំទៅមុខទៀត»។
គួរបញ្ជាក់ថា ទំនាក់ទំនងប៉ាគីស្ថាន-ឥណ្ឌា បានធ្លាក់ចុះ និងផ្អាការធ្វើពាណិជ្ជកម្មទ្វេភាគី ចាប់តាំងពីឆ្នាំ ២០១៩មក ដោយសារតែបញ្ហាពន្ធគយ ដាក់ចេញដោយរដ្ឋាភិបាលឥណ្ឌា លើការនាំចូលពីប៉ាគីស្ថាន ក្រោយហេតុការណ៍វាយប្រហារលើរដ្ឋ Pulwama របស់ឥណ្ឌា។
ក្រោយមក ឥណ្ឌាបានបញ្ជូនយន្តហោះចម្បាំង វាយលុកជំរំហ្វឹកហ្វឺនភេរវករ Jaish-e-Mohammed នៅ Balakot ប្រទេសប៉ាគីស្ថាន ជាការសឹងសឹក។ ទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាងមុនទៀត បន្ទាប់ពីឥណ្ឌា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៩ ដកកងកម្លាំងពិសេស ចេញពីតំបន់ Jammu និង Kashmir ហើយខណ្ឌចែកតំបន់នេះជាពីរ៕