(ហ្សាការតា)៖ នៅថ្ងៃសុក្រនេះ ប៉ូលិសនិងយោធាឥណ្ឌូណេស៉ី បានចាប់ផ្តើមការដាក់ពង្រាយកងកម្លាំង សរុបយ៉ាងហោចណាស់ ១០០,០០០នាក់ នៅទូទាំងរដ្ឋធានីហ្សាការតា ដើម្បីត្រៀមការពារសន្តិសុខ សម្រាប់ពិធីស្បថចូលកាន់តំណែងជាផ្លូវការ របស់ប្រធានាធិបតីជាប់ឆ្នោត លោក Prabowo Subianto នាចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤។
លោក Prabowo នឹងត្រូវស្បថចូលកាន់តំណែង ជាប្រធានាធិបតីឥណ្ឌូណេស៉ីថ្មី នាថ្ងៃអាទិត្យ ទី២០ ខែតុលា ហើយទន្ទឹមគ្នានេះ អនុប្រធានាធិបតីជាប់ឆ្នោត លោក Gibran Rakabuming Raka ដែលជាកូនប្រុសរបស់ប្រធានាធិបតីឥណ្ឌូណេស៉ីបច្ចុប្បន្ន គឺលោក Joko Widodo ហៅ Jokowi ក៏នឹងត្រូវចូលកាន់តំណែង ផងដែរ។
ប្រមុខយោធាឥណ្ឌូណេស៉ី លោក Agus Subianto បាននិយាយថា កងកម្លាំងប្រហែល១០០,០០០នាក់នោះ នៅហ្សាការតា នឹងរួមមានទាំងកងកាំភ្លើងលបបាញ់ និងកងទប់ស្កាត់កុបកម្ម ហើយពួកគេនឹងត្រូវដាក់ពង្រាយ រហូតដល់ថ្ងៃពុធសប្តាហ៍ក្រោយ។ អំឡុងព្រឹត្តិការណ៍សំខាន់ៗកាលពីមុន នៅទីក្រុងហ្សាការតា កងកម្លាំងសន្តិសុខ ជាទូទៅត្រូវបានដាក់ពង្រាយ នៅកន្លែងដូចជាអគារសភាជាតិ ជាទីដែលពិធីស្បថកាន់តំណែង នឹងត្រូវរៀបចំឡើង ព្រមទាំងនៅវិមានប្រធានាធិបតី និងតាមដងមហាវិថីនានា។
គួរបញ្ជាក់ថា បើតាមលោក Agus កងកម្លាំងសន្តិសុខឥណ្ឌូណេស៉ី នឹងត្រូវអមការពារសុវត្ថិភាពជូន មេដឹកនាំបរទេសសរុប៣៦រូប ដែលនឹងមកចូលរួមពិធីស្បថចូលកាន់តំណែង។ មិនតែប៉ុណ្ណោះ កងទ័ពអាកាសឥណ្ឌូណេស៉ី ក៏នឹងចល័តយន្តហោះចម្បាំង F-16 ដើម្បីហោះអមយន្តហោះនានា ដែលដឹកឥស្សរជនបរទេស មកចូលរួមពិធីស្បថចូលកាន់តំណែង ថែមទៀតផង។ រីឯបើតាមប្រមុខប៉ូលិសជាតិឥណ្ឌូណេស៉ី លោក Listyo Sigit Prabowo មនុស្សរាប់រយនាក់ ត្រូវបានរំពឹងថា នឹងប្រមុលផ្តុំគ្នា នៅតាមដងវិថីនៃរដ្ឋធានីហ្សាការតា ដើម្បីស្វាគមន៍លោក Prabowo ជាប្រធានាធិបតីថ្មី ក៏ដូចជាដើម្បីលា លោក Jokowi ដែលចប់អាណត្តិជាប្រធានាធិបតី បន្ទាប់ពីរូបលោកបានកាន់អំណាច អស់រយៈពេល១០ឆ្នាំ៕