(ភ្នំពេញ)៖ លោក ថេ ឈុនហាក់ អគ្គនាយកនៃការអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានលើកឡើងថា នៅក្នុងសង្គមសេដ្ឋកិច្ចឌីជីថល នាពេលបច្ចុប្បន្ននេះ ការចេះប្រើប្រាស់ប្រព័ន្ធឌីជីថលពីសំណាក់សហគ្រិនស្ត្រី នឹងអាចជួយដល់ដំណើរការអាជីវកម្មរបស់ពួកគាត់ កាន់តែមានការរីកចម្រើន និងមានភាពងាយស្រួល ក្នុងការកំណត់ទីផ្សារគោលដៅ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ថេ ឈុនហាក់ អញ្ជើញចូលរួមកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការលើកកម្ពស់ ចំណេះដឹងហិរញ្ញវត្ថុឌីជីថល សម្រាប់សហគ្រិនស្រ្តី» ក្នុងកម្មវិធី FRESH BUSINESS។
លោក ថេ ឈុនហាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ដ្រីផ្ទាល់ កាលណាគាត់ចាប់យកនូវជំនាញ និងសមត្ថភាពផ្នែកឌីជីថល អាជីវកម្មរបស់គាត់ នឹងផ្ដល់ប្រយោជន៍សំខាន់ រួមមាន៖ ការបង្ហាញផលិតផល កាន់តែទូលំទូលាយ, កំណត់បាននូវទីផ្សារ, អាចផ្ទេរសមត្ថភាពនៃការលក់ ពីបែបប្រពៃណីឲ្យតាមប្រព័ន្ធអនឡាញ»។
បន្ថែមពីនោះទៀត លោកបានឲ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ ក៏ដូចជានៅក្នុងសង្គមសេដ្ឋកិច្ចឌីជីថល មិនថាអាជីករស្ដ្រី គឺអាជីវករទូទៅ ការយល់ដឹងពីផ្នែកឌីជីថល មានសារៈសំខាន់ ដោយសារកាលណា មានចំណេះដឹងឌីជីថល វាជាផ្នែកមួយសំខាន់ ក្នុងការធ្វើឲ្យការច្នៃប្រឌិតនូវផលិតកម្ម និងការទទួលបានព័ត៌មានផ្សេងៗពីទីផ្សារ។
លោក ថេ ឈុនហាក់ បានបញ្ជាក់ទៀតថា ការយល់ដឹងពីផ្នែកឌីជីថល នឹងជួយឲ្យចេះប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងចំណូល-ចំណាយ នៅក្នុងអាជីវកម្ម មានភាពងាយស្រួលជាងមុន ហើយមានភាពច្បាស់លាស់ជាងមុនផងដែរ៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់លោក ថេ ឈុនហាក់៖