(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសរុស្ស៉ី ដោយស្រង់សម្តីក្រសួងការពារជាតិរុស្ស៉ី បានរាយការណ៍នៅថ្ងៃសុក្រនេះថា រុស្ស៉ីកំពុងធ្វើតេស្តលើសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ របស់កងអង្គភាពមួយ ដែលបំពាក់មីស៉ីលបាលិស្ទីគអន្តរទ្វីប Yars នៅឯតំបន់មួយ នៃភាគពាយព្យប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤។
មីស៉ីល Yars អាចដាក់ពង្រាយនៅតាមមូលដ្ឋាន silo ក្រោមដី ឬនៅលើជើងទម្រចល័ត ហើយវាមានសមត្ថភាពវាយប្រហារបានចម្ងាយ រហូតដល់ ១១,០០០គីឡូម៉ែត្រ និងអាចដឹកជញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើន។ នៅក្នុងឆ្នាំនេះ រុស្ស៉ីបានធ្វើសមយុទ្ធនុយក្លេអ៊ែរជាបន្តបន្ទាប់ ដែលក្រុមអ្នកវិភាគផ្នែកសន្តិសុខយល់ឃើញថា ទំនងជាសញ្ញា ដើម្បីកំញើញក្រុមលោកខាងលិច កុំឱ្យហ៊ានលូកដៃកាន់តែជ្រៅ ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ សម្រាប់លំហាត់នុយក្លេអ៊ែរថ្មីចុងក្រោយនេះ គឺធ្វើឡើងក្នុងសប្តាហ៍តែមួយ ស្របពេលអង្គការ NATO កំពុងធ្វើសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន ហើយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញជាសាធារណៈ នូវផែនការជ័យជម្នះរបស់លោក សម្រាប់សង្រ្គាមជាមួយរុស្ស៉ី។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានពង្រីកបន្ថែមនូវសេណារីយ៉ូ ដែលអាចជំរុញឱ្យរុស្ស៉ីប្រើអាវុធនុយក្លេអ៊ែរ ខណៈអ៊ុយក្រែនបានចោទថា ទីក្រុងមូស្គយកអាវុធនុយក្លេអ៊ែរ ធ្វើជាការគំរាមកំហែង។ អំឡុងសង្រ្គាមរយៈពេលជាង២ឆ្នាំកន្លះមកនេះ លោក ពូទីន ធ្លាប់បានចេញសារក្រើនរំលឹកជារឿយៗថា រុស្ស៉ីគឺជាប្រទេស ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេបង្អស់ នៅលើពិភពលោក ប៉ុន្តែលោកបានអះអាងថា រុស្ស៉ីពុំចាំបាច់ត្រូវប្រើអាវុធនុយក្លេអ៊ែរ ដើម្បីសម្រេចជ័យជម្នះ នៅអ៊ុយក្រែនឡើយ៕