(តៃប៉ិ)៖ នាថ្ងៃសុក្រនេះ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយថា ការតាំងចិត្តរបស់ដែនកោះនេះ ក្នុងការការពារអធិបតេយ្យរបស់ខ្លួន គឺនឹងមិនប្រែប្រួលឡើយ ស្របពេលដែលលោកកោតសរសើរ កងទ័ពនិងឆ្មាំសមុទ្រតៃវ៉ាន់ ដែលបានឆ្លើយតប ចំពោះការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ចិន កាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤។
លោក Lai បានធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានកងទ័ពជើងទឹក និងកងឆ្មាំសមុទ្រ នៅភាគខាងជើងតៃវ៉ាន់ ដើម្បីបង្ហាញការអរគុណ ដល់កងកម្លាំងនៅទីនោះផ្ទាល់ សម្រាប់កិច្ចប្រឹងប្រែង ការពារសន្តិសុខជាតិ ហើយរូបលោកបាននិយាយថា ការតាំងចិត្តយ៉ាងមុតមាំ ដើម្បីការពារអធិបតេយ្យជាតិ នឹងពុំមានការប្រែប្រួលឡើយ។ លោក Lai ដែលបានឡើងកាន់តំណែង ជាមេដឹកនាំតៃវ៉ាន់ថ្មី កាលពីខែឧសភា ឆ្នាំនេះ ត្រូវបានចិនចាត់ទុកជា បុគ្គលផ្តាច់ខ្លួនដ៏គ្រោះថ្នាក់បំផុត។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ទីក្រុងប៉េកាំង បានបញ្ជូនយន្តហោះច្រើនមិនធ្លាប់មាន គឺលើស១០០គ្រឿង រួមទាំងនាវាចម្បាំងនិងនាវាឆ្មាំសមុទ្រ ក្នុងការធ្វើសមយុទ្ធយោធា ដែលផ្តោតលើការឡោមព័ទ្ធកោះតៃវ៉ាន់។ វាគឺជាសមយុទ្ធទ្រង់ទ្រាយធំលើកទី៤ របស់ចិន គិតក្នុងរយៈពេល២ឆ្នាំ។ ជាការឆ្លើយតប តៃវ៉ាន់បានចល័តកងកម្លាំងរបស់ខ្លួន ឱ្យប្រុងជើងការ ហើយថែមទាំងដាក់បណ្តាកោះដែលនៅក្បែរៗចិន ឱ្យស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់។ តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយទីក្រុងប៉េកាំង មិនបោះបង់ចោលជម្រើស នៃការប្រើកម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាវិញ ជាមួយដែនកោះនេះឡើយ៕