(ដាក្កា)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៃប្រទេសបង់ក្លាដែស បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ដែលបច្ចុប្បន្នកំពុងស្ថិតនៅប្រទេសឥណ្ឌា ក្រោមការសង្ស័យថា លោកស្រី មានជាប់ពាក់ព័ន្ធក្នុងសកម្មភាពសម្លាប់រង្គាល អំឡុងបាតុកម្មហិង្សា ដែលបានផ្ទុះឡើងក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤។
បាតុកម្មដឹកនាំដោយចលនានិស្សិត ដែលដំបូងឡើយមានគោលដៅត្រឹមប្រឆាំង គោលការណ៍កំណត់កូតាការងាររដ្ឋ បានប្រែក្លាយទៅជា ការផ្ទុះអំពើហិង្សាយ៉ាងវឹកវរបំផុតមួយ គិតចាប់តាំងពីប្រទេសអាស៊ីខាងត្បូងមួយនេះ ទទួលបានឯករាជ្យកាលពីឆ្នាំ១៩៧១មក ហើយជាលទ្ធផល វាបានបង្កឱ្យមានមនុស្សស្លាប់សរុបលើស ៧០០នាក់ និងរងរបួសជាច្រើននាក់ ផ្សេងទៀត។ ទីបំផុត លោកស្រី Hasina ក៏បានបង្ខំចិត្តរត់ភៀសខ្លួនដើម្បីសុវត្ថិភាព ចេញទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃទី៥ ខែសីហា ហើយរដ្ឋាភិបាលបណ្តោះអាសន្ន ដឹកនាំដោយ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បានឡើងគ្រប់គ្រងប្រទេស។
គួរបញ្ជាក់ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិបង់ក្លាដែស បានបង្គាប់ឱ្យមានការចាប់ខ្លួន លោកស្រី Hasina ហើយនាំខ្លួនលោកស្រី មកកាន់តុលាការ ឱ្យបាននៅត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា។ រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស លោក Mohammad Touhid Hossain បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រឹងប្រែងគ្រប់បែបយ៉ាង នឹងត្រូវធ្វើឡើងដើម្បីនាំលោកស្រី Hasina ពីឥណ្ឌាមកវិញ ក្នុងចន្លោះពេល១ខែ ដែលត្រូវបានកំណត់ដោយតុលាការ៕