(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ បានស្តីបន្ទោស លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ថាបានរួមចំណែក នាំឱ្យប្រទេសជាតិមានសង្រ្គាជាមួយរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ ២០២៤។
លោក ត្រាំ ក៏បានរិះគន់ លោក ហ្សេលេនស្គី ផងដែរ ចំពោះភាពបរាជ័យក្នុងការស្វែងរកសន្តិភាព ហើយលើកជាយោបល់ថា អ៊ុយក្រែន ប្រហែលជាត្រូវប្រគល់ទឹកដីខ្លះទៅឱ្យរុស្ស៉ី ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អនឡាញ PBD លោក ត្រាំ និយាយថា គួរតែបន្ទោសលោក ហ្សេលេនស្គី ដែលមិនត្រឹមតែបរាជ័យ ក្នុងការបញ្ចប់សង្រ្គាមប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកផ្តើម និងធ្វើឱ្យមានសង្រ្គាមកាន់តែធំ។ លោក ត្រាំ គូសបញ្ជាក់ដូច្នេះថា «មិនមានន័យថា ខ្ញុំមិនចង់ជួយគាត់ (លោក ហ្សេលេនស្គី) ទេ ព្រោះខ្ញុំក៏មានអារម្មណ៍មិនល្អ ចំពោះមនុស្សទាំងនោះដែរ។ ប៉ុន្តែគាត់មិនគួរអនុញ្ញាត ឱ្យសង្រ្គាមកើតឡើងទេ។ សង្រ្គាម មានតែអ្នកចាញ់ប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ជារឿយៗ លោក ហ្សេលេនស្គី តែងតែនិយាយថា ទីក្រុងកៀវ នឹងមិនធ្វើសម្បទានទឹកដី ដើម្បីសន្តិភាពនោះទេ។ ខណៈ លោក ត្រាំ គឺជាបេក្ខជនប្រធានាធិបតីមួយរូប ក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក នាថ្ងៃទី៥ ខែវិច្ឆិកា ការអត្ថាធិប្បាយជាសាធារណៈរបស់លោក ហាក់បង្ហាញពីជំហរមិនគាំទ្រអ៊ុយក្រែន ជុំវិញការបន្តជំនួយយោធាក្នុងសង្រ្គាមជាមួយរុស្ស៉ី ប្រសិនបើលោកពិតជាជាប់ឆ្នោតមែននោះ៕