(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថាកូរ៉េខាងជើង បានចាត់ទុកកូរ៉េខាងត្បូងជា «សត្រូវ» ដែលនេះជាការទទួលស្គាល់ជាលើកដំបូងថាសភាជាតិរបស់ខ្លួន បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ តែជាង២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្យុងយ៉ាងបានបំផ្ទុះផ្លូវថ្នល់ និងផ្លូវដែក ដែលតភ្ជាប់ជាមួយកូរ៉េខាងត្បូង។ KCNA នៅក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា បាននិយាយថាយោធាកូរ៉េខាងជើងបានបំផ្ទុះបំផ្លាញផ្នែកជាច្រើននៃផ្លូវថ្នល់ និងផ្លូវដែក ដែលតភ្ជាប់ជាមួយកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ជាសកម្មភាពស្របច្បាប់ប្រឆាំងនឹង «រដ្ឋមួយដែលជាសត្រូវ» ដែលត្រូវបានកំណត់នៅក្រោមរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង។

«នេះជាវិធានការដែលត្រូវតែធ្វើដោយចៀសមិនរួច និងស្របច្បាប់ ដែលត្រូវបានធ្វើឡើងអនុលោមតាមរដ្ឋធម្មនុញ្ញាកូរ៉េខាងជើង ដែលបានកំណត់យ៉ាងច្បាស់ថាកូរ៉េខាងត្បូងជារដ្ឋដែលជាសត្រូវ»។ នេះជាការគូសបញ្ជាក់របស់ KCNA។ ក្រុមអ្នកវិភាគលោកខាងលិចយល់ថាភាពតានតឹងទាំងនេះបានបង្ហាញថាកូរ៉េខាងជើងមានចេតនាបង្កើនសកម្មភាពអរិភាពប្រឆាំងនឹងកូរ៉េខាងត្បូង ចំពោះ មុខការព្រួយបារម្ភពីការកើនឡើងលទ្ធភាពដ៏គ្រោះថ្នាក់នៃការប៉ះទង្គិចគ្នានៅតាមតំបន់ព្រំដែនរវាងកូរ៉េទាំង២ បើទោះជាពួកគេជឿថាមានភាគរយតិចណាស់ដែលកូរ៉េខាងជើងអាចនឹងបើក ការវាយប្រហារទ្រង់ទ្រាយធំណាមួយ ដោយសារតែឧត្តមភាពយោធារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក៏ដោយ។

នៅខាងទីក្រុងសេអ៊ូលឯណោះវិញ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានថ្កោលទោសរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើងដែលចាត់ទុកខ្លួនជាសត្រូវ ដោយហៅថាជាទង្វើប្រឆាំងនឹងការបង្រួបបង្រួម និងជាទង្វើប្រឆាំងជាតិ។ ក្រសួងបន្ថែមថារដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងរាល់សកម្មភាពបង្ករឿងណាមួយពីកូរ៉េខាងជើង ហើយនៅតែជំរុញឥតងាករេចំពោះ ការបង្រួបបង្រួមកូរ៉េដោយសន្តិវិធីដោយឈរលើគោលការណ៍សេរីភាព និងប្រជាធិបតេយ្យ។ តាមពិតទៅ លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ តាំងតែកាលពី ខែមករា ដើមឆ្នាំនេះមកម្ល៉េះ ដើម្បីលុបចោលគោលនយោបាយបង្រួបបង្រួមកូរ៉េ ដោយចោទប្រកាន់ថាកូរ៉េខាងត្បូង បានគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរបបដឹកនាំរបស់លោក សព្វថ្ងៃ។ សភាជាតិកូរ៉េខាងជើង បានបើកសម័យប្រជុំរយៈពេល២ថ្ងៃ កាលពីសប្ដាហ៍មុន ខណៈមានការរំពឹងទុកជាមុនរួចទៅហើយថានឹងមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីចាត់ទុក កូរ៉េខាងត្បូងជាសត្រូវ។

ប៉ុន្តែ ខាងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង មិនបានផ្ដល់ព័ត៌មានលម្អិតពីការធ្វើវិសោធនកម្មនេះនោះទេ ក្រៅតែពីការប្រកាសឱ្យដឹងពីការចាត់ទុកកូរ៉េខាងត្បូងជាសត្រូវតែប៉ុណ្ណោះ។ ណាមួយ គោលដៅ ពិតប្រាកដនៃការផ្លាស់ប្ដូរគោលនយោបាយបែបនេះក៏នៅតែស្ថិតក្នុងភាពស្រពេចស្រពិលផងដែរ។ ក្រុមអ្នកវិភាគមានការយល់ឃើញខុសៗគ្នា ដោយអ្នកវិភាគខ្លះយល់ថាដោយចាត់ទុកកូរ៉េខាងត្បូង ជាសត្រូវ លោក គីម ជុងអ៊ុន មានគោលបំណងចង់ទប់ស្កាត់ឥទ្ធិពលវប្បធម៌កូរ៉េខាងត្បូងកុំឱ្យសាយភាយទៅដល់ប្រជាជនកូរ៉េខាងជើង និងដើម្បីលើកកម្ពស់អំណាចដឹកនាំរបស់គ្រួសារលោក គីម។ ចំណែក អ្នកវិភាគខ្លះទៀតនិយាយថាលោក គីម ជុងអ៊ុន ចង់មានសេរីភាពយ៉ាងទូលំទូលាយ និងងាយស្រួលក្នុងការស្វែងរកហេតុផលមកពីបញ្ជាក់ពីភាពត្រឹមត្រូវនៅក្នុងការអភិវឌ្ឍសមត្ថភាពយោធា និងការចាត់វិធានការយោធាប្រឆាំងកូរ៉េខាងត្បូង នៅពេលអនាគត ក្នុងនោះរួមមានទាំងប្រើប្រាស់អាវុធនុយក្លេអ៊ែរជាដើម ក្នុងបរិបទដែលកូរ៉េខាងត្បូងបង្កើនកញ្ចប់ថវិកាយោធា និងមានសមត្ថភាព យោធាកាន់តែរីកចម្រើនទៅមុខដែរនោះ។ ជាងនេះទៅទៀត លោក គីម ជុងអ៊ុន ក៏ប្រហែលជាចង់ដោះស្រាយបញ្ហាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកតែម្ដង ប្រសិនបើមានកិច្ចចរចាការទូតស្ដីពី កម្មវិធីនុយក្លេអ៊ែររបស់លោក នៅថ្ងៃខាងមុខ ដោយមិនចាំបាច់ត្រូវឆ្លងកាត់កូរ៉េខាងត្បូង។

ម្យ៉ាងវិញទៀត ដោយចាត់ទុកកូរ៉េខាងត្បូងជាសត្រូវ វាក៏អាចជួយសម្រួលដល់របៀបវារៈនយោបាយនៅក្នុងស្រុករបស់លោក គីមដែរ។ បានន័យថាតាមរយៈការបោះបង់ចោលគោលនយោបាយ បង្រួបបង្រួមកូរ៉េ ជាមួយការលុបបំបាត់ចោលនូវការិយាល័យមានជាប់ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ លោក គីម អាចបង្វែរធនធានជាតិចេញពីគម្រោងបង្រួបបង្រួមកូរ៉េដែលគេគ្រប់គ្នា មើលឃើញថាសឹងតែមិនអាចទៅរួច យកទៅបំប៉នគោលនយោបាយណាដែលមានអាទិភាពខ្ពស់ និងមានភាគរយជោគជ័យខ្ពស់ នៅក្នុងមហិច្ឆតាគោលដៅសេដ្ឋកិច្ចរបស់លោក ជាពិសេសដូចជា ផែនការសេដ្ឋកិច្ច ៤ ឬ ៥ឆ្នាំរបស់លោក។

លោក Leif-Eric Easley ជាសាស្ត្រាចារ្យសិក្សាពីអន្តរជាតិ មកពីសាកលវិទ្យាល័យ Ewha Womans ក្នុងទីក្រុងសេអ៊ូល បានកត់សម្គាល់ថា «កូរ៉េខាងជើងនៅតែដើរតាមពីក្រោយឆ្ងាយនៅឡើយពី កូរ៉េខាងត្បូងទាំងខាងការផ្លាស់ប្ដូរសង្គម ឬការធ្វើសមហរណកម្មហិរញ្ញវត្ថុ ដែលនេះធ្វើឱ្យគេមើលទៅការបង្រួមបង្រួមកូរ៉េហាក់ដូចជាត្រូវច្របាច់បញ្ចូលកូរ៉េខាងជើង ឱ្យស្ថិតនៅក្រោមការដឹកនាំរបស់ កូរ៉េខាងត្បូង»។ លោកបន្តទៀតថា «ការបដិសេធរបស់ទីក្រុងព្យុងយ៉ាងចំពោះការបង្រួបង្រួមកូរ៉េដោយសន្តិវិធី គឺជាយុទ្ធសាស្ត្រមួយសម្រាប់ការរស់រានមានជីវិតនៃរបបរបស់លោក គីម ជុងអ៊ុន និងការថែរក្សាអំណាចគ្រួសារត្រកូលគីម។ នេះមិនត្រឹមតែបង្កបញ្ហាដល់ការទូតទៅថ្ងៃមុខប៉ុណ្ណោះទេ តែវាក៏អាចនឹងក្លាយជាមនោគមន៍វិជ្ជាមួយលើកទឹកចិត្តដល់ការធ្វើសកម្មភាពយោធាប្រឆាំង កូរ៉េខាងត្បូង ផងដែរ»។

គួរបញ្ជាក់ថា ក្រុមអ្នកវិភាគលោកខាងលិចជាច្រើន បាននិយាយថាកូរ៉េខាងជើងទំនងជានឹងមិនបើកធ្វើសង្រ្គាមទ្រង់ទ្រាយធំណាមួយនោះទេ ដោយសារតែព្យុងយ៉ាងដឹងយ៉ាងច្បាស់ថាយោធារបស់ខ្លួន មានសមត្ថភាពនៅមានកម្រិត និងមានចំនួនតិចធៀបទៅនឹងចំនួនកងទ័ពអាមេរិក និងកូរ៉េខាងត្បូង។ ហើយម្យ៉ាង កូរ៉េខាងជើងមានគោលដៅចម្បងក្នុងការប្រើប្រាស់ការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួន ជាមធ្យោបាយដាក់សម្ពាធឱ្យមានការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក។ តែទោះជាបែបនេះក្ដី ការយល់ច្រឡំនឹងនៅតែអាចនាំទៅរកការផ្ទុះអាវុធនឹងគ្នានៅតាម តំបន់ព្រំដែនរវាងកូរ៉េទាំង២៕