(បាងកក)៖ ប៉ូលិសថៃ បានចាប់ខ្លួនមនុស្សចំនួន ១៨នាក់ ក្នុងនោះមានតារា ៣នាក់ ហើយបានដកហូតនូវរថយន្តស្ព័រទំនើបៗ និងលុយជិត ៤លានដុល្លារ ពាក់ព័ន្ធនឹងការឆបោកជាលក្ខណៈប្រព័ន្ធ តាមរយៈការលក់អាហារបំប៉នសុខភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០២៤។

ការចាប់ខ្លួននេះធ្វើឡើង បន្ទាប់ពីមនុស្សជាង ១,០០០នាក់ ដាក់ពាក្យប្តឹងក្រុមហ៊ុន iCon Group ដោយនិយាយថា ក្រុមហ៊ុននេះ បានទាក់ទាញពួកគេឱ្យទិញផលិតផល និងចុះកុងត្រាបន្តការទិញ។ ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ iCon Group លោក Warathaphon Waratyaworrakul ហៅ Boss Paul ត្រូវបានឃុំខ្លួនកាលពីថ្ងៃពុធសប្តាហ៍នេះ ជាមួយពិធីករទូរទស្សន៍ល្បីម្នាក់ និងតារាសម្តែងម្នាក់ ក្រោមការចោទប្រកាន់ថា បានជួយបញ្ចុះបញ្ចូលជនរងគ្រោះ ឱ្យចូលរួមក្នុងគម្រោងនេះ។

អាជ្ញាធរនិយាយថា ពួកគេត្រូវបានបង្កកលុយចំនួន ១២៥លានបាត ឬស្មើនឹង ៣.៨លានដុល្លារ ដែលរក្សាទុកក្នុងគណនីធនាគារ CEO ៤នាក់ ហើយដកហូតបានរថយន្តប្រណីត រួមទាំងរថយន្ត Porsches និង Ford Mustangs ផងដែរ។ មេប៉ូលិសថៃ លោក Kitrat Phanphet បានប្រាប់អ្នកសារព័ត៌មានថា ប៉ូលិសកំពុងតាមដានរកគណនីធនាគារ និងការផ្ទេរសាច់ប្រាក់ពាក់ព័ន្ធជាមួយជនសង្ស័យ ដើម្បីរកឱ្យឃើញថាតើនៅមានមនុស្សផ្សេងទៀតទេ ពាក់ព័ន្ធក្នុងរឿងនេះ។

ក្រុមហ៊ុននេះ ត្រូវបានចោទប្រកាន់ថា បានបោកបញ្ឆោតជនរងគ្រោះ ដោយការផ្តល់វគ្គបណ្តុះបណ្តាលដល់ អ្នកលក់តាមអនឡាញ ក្នុងតម្លៃថោក។ ក្រុមហ៊ុនបានបង្ខិតបង្ខំឱ្យអ្នកចុះឈ្មោះរៀន ទិញផលិតផលពួកគេ និងចុះកុងត្រាទិញបន្ថែមទៀត ក្នុងតម្លៃចាប់ពី ២,៥០០បាតដល់ ២៥០,០០០បាត ដែលត្រូវយកទៅប្រើ ដើម្បីផ្សព្វផ្សាយរកអ្នកចូលរៀនទៀត។ ជនរងគ្រោះក្នុងករណីនេះ មានរាប់ចាប់តាំងពីកម្មករដែលមានចំណូលទាប រហូតដល់កីឡាករបាល់ទាត់មានចំណូលខ្ពស់ ដោយបើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ ក្រុមហ៊ុនប្រមូលបានលុយរហូតដល់ ៦០ម៉ឺនបាត។

គួរបញ្ជាក់ថា វាមិនមែនជារឿងចម្លែកទេក្នុងប្រទេសថៃ ​ជុំវិញករណី​ឆបោក​សាធារណៈ។ កាលពីឆ្នាំមុន គម្រោង Forex-3D បានបោកបញ្ឆោតមនុស្សរាប់ពាន់នាក់ ឱ្យចូលរួមវិនិយោគជួញដូររូបិយប័ណ្ណបរទេសក្លែងក្លាយ៕