(ហ៊្សេរុយសាឡិម)៖ គណៈប្រតិភូអ៉ីស្រាអែល ដែលត្រូវចូលរួមក្នុងពិព័រណ៍ការពារជាតិ Euronaval ប្រទេសបារាំង នៅខែក្រោយ នឹងមិនត្រូវបានអនុញ្ញាតឱ្យដំឡើងស្តង់ ឬដាក់តាំងអាវុធនោះទេ ផ្អែកលើការសម្រេចចិត្តរបស់រដ្ឋាភិបាលបារាំង ជាហេតុនាំឱ្យអ៉ីស្រាអែលខឹងសម្បារជាខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០២៤។

រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានថ្កោលទោសការសម្រេចចិត្តនេះ ហើយហៅចំណាត់ការ របស់ប្រធានាធិបតី លោក ម៉ាក្រុង ថាជាទង្វើគួរដ៏ឱ្យអាម៉ាស់។ លោក Gallant បានបង្ហោះសារលើបណ្តាញសង្គម X ដូច្នេះថា «ការសម្រេចចិត្តនេះ ហាក់បង្ហាញពីការរើសអើង ចំពោះឧស្សាហកម្មការពារជាតិអ៉ីស្រាអែល នៅប្រទេសបារាំង ជាលើកទីពីរ ហើយជួយដល់សត្រូវរបស់អ៉ីស្រាអែល អំឡុងពេលសង្រ្គាម»។ លោកបន្ថែមថា «យើងនឹងបន្តការពារជាតិរបស់យើង ប្រឆាំងសត្រូវនៅលើសមរភូមិ ៧ផ្សេងគ្នា ហើយប្រយុទ្ធដើម្បីអនាគតរបស់យើង ដោយមាន ឬគ្មានបារាំង»

គួរបញ្ជាក់ថា ពិព័រណ៍ការពារជាតិ Euronaval ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដែលមាននូវការដាក់តាំងសព្វាវុធកងទ័ពជើងទឹក មកពីជុំវិញពិភពលោក។ ក្រោមការហាមប្រាមរបស់បារាំង បានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនចំនួន ៧របស់អ៉ីស្រាអែល។ ទោះយ៉ាងណា គណៈប្រតិភូអ៉ីស្រាអែល នៅតែអាចចូលរួមព័រណ៍នេះបានធម្មតា គ្រាន់តែមិនមានស្តង់ ឬដាក់បង្ហាញផលិតផលអាវុធរបស់ខ្លួន៕