(យូអិន)៖ របាយការណ៍ពីអង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ UNDP បានបង្ហាញនាថ្ងៃព្រហស្បតិ៍នេះថា មនុស្សជាង១ពាន់លាននាក់ជុំវិញពិភពលោក កំពុងរស់នៅក្រោមស្ថានភាពទីទាល់ក្រ ក្នុងនោះរួមមានកុមារជាងពាក់កណ្តាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤។

អង្គការ UNDP ក្រោមការសហការជាមួយអង្គការ Oxford Poverty and Human Development Initiative (OPHI) បានចេញផ្សាយរបាយការណ៍ ស្តីពីសន្ទស្សន៍ភាពក្រីក្រពហុសមាសភាគសកល ឬMPI ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១០មក ដោយប្រមូល​ទិន្នន័យពីប្រទេសចំនួន១១២ ដែលមានចំនួនប្រជាជនសរុប ៦.៣ពាន់លាននាក់។

របាយការណ៍ខាងលើ បានបង្ហាញថា ក្នុងចំណោមមនុស្ស១.១ពាន់លាននាក់ ដែលជួបភាពទីទាល់ក្រ ៤៥៥លាននាក់ រស់នៅក្រោមស្រមោលនៃជម្លោះ។ ប្រមាណ៥៨៤លាននាក់ នៃជនក្រីក្រទាំងជាង១ពាន់លាននាក់ មានអាយុក្រោម១៨ឆ្នាំ ដែលស្មើនឹង២៧.៩ភាគរយ នៃចំនួនកុមារសរុបនៅទូទាំងពិភពលោក ធៀបនឹង១៣.៥ភាគរយ នៃចំនួនមនុស្សពេញវ័យ។

គួរបញ្ជាក់ថា របាយការណ៍ MPI ឆ្នាំ២០២៤ ក៏បានបង្ហាញផងដែរថា ៨៣.២ភាគរយ នៃប្រជាជនក្រីក្របំផុតលើពិភពលោក គឺរស់នៅតំបន់ Sub-Saharan នៃទ្វីបអាហ្រ្វិក និងតំបន់អាស៉ីខាងត្បូង ដោយឥណ្ឌាជាប្រទេស ដែលមានចំនួនជនទីទាល់ក្រ​ច្រើនជាងគេបង្អស់ គឺ២៣៤លាននាក់ នៃប្រជាជនសរុប១.៤ពាន់លាននាក់របស់ខ្លួន។ បន្ទាប់មក រួមមាន ប៉ាគីស្ថាន អេត្យូពី នីហ្សេរីយ៉ា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ជិតពាក់កណ្តាល នៃប្រជាជនទីទាល់ក្រ១.១ពាន់លាននាក់ គឺរស់នៅក្នុងប្រទេសទាំង៥នេះ៕