(វ៉ាស៉ីនតោន)៖ សេតវិមាន បានប្រកាសថា គ្រាដែរលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ជជែកជាមួយប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អំពីកិច្ចប្រឹងប្រែងបង្កើនជំនួយសន្តិសុខសម្រាប់អ៊ុយក្រែន លោកបានប្រកាសផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ ៤២៥លានដុល្លារ បន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០២៤។

កញ្ចប់ជំនួយយោធាថ្មីនេះ នឹងរួមបញ្ចូលនូវប្រព័ន្ធ​ការពារដែន​អាកាស គ្រាប់​បែក​នៃយន្តហោះចម្បាំង រថពាសដែក និង​គ្រាប់​រំសេវផ្សេងៗទៀត។ តាមរយៈបណ្តាញតេឡេក្រាម លោក ហ្សេលេនស្គី បានសម្តែងការដឹងគុណចំពោះ លោក បៃដិន សភាទាំងពីរ និងប្រជាជនអាមេរិក សម្រាប់កញ្ចប់ជំនួយយោធាថ្មីនេះ ព្រមជាមួយនិងការលើកឡើងអំពីផែនការជ័យជម្នះ ៥ចំណុចរបស់ខ្លួន ប្រាប់ទៅកាន់ លោក បៃដិន។ លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «​ខ្ញុំ​ក៏បាន​ស្នើ​ឡើងផងដែរ ឱ្យមានការពិចារណាជុំវិញ​លទ្ធភាព​ ​ផលិត​អាវុធ​រួម​គ្នា​ និងពិភាក្សាពីសារៈសំខាន់នៃការហ្វឹកហ្វឺនបន្ថែម ដល់ទាហានអ៊ុយក្រែន»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធារាប់ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ចាប់តាំងពីផ្ទុះសង្រ្គាមជាមួយរុស្ស៉ី។ ខណៈ សង្រ្គាមអូសបន្លាយជិត ៣ឆ្នាំ លោក ហ្សេលេនស្គី និយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជួយអ៊ុយក្រែនពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីបង្ខំឱ្យរុស្ស៉ីដោះស្រាយគ្នា តាមមធ្យោបាយការទូត៕