(វ៉ាស៊ីនតោន)៖ ក្រុម Hacker មកពីកងកម្លាំងអ៊ីនធឺណិត និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក កំពុងក្លែងបន្លំខ្លួនជាប្រទេសផ្សេងទៀត ដើម្បីធ្វើការវាយប្រហារតាមអ៊ីនធឺណិត និងប្រតិបត្តិការចារកម្មទូទាំងពិភពលោក។ ក្នុងពេលជាមួយគ្នានេះ ពួកគេក៏បានចោទប្រកាន់ប្រទេសចិនចំពោះការវាយប្រហារទាំងនោះ ដើម្បីបង្វែរការចាប់អារម្មណ៍និងបំភាន់សាធារណជន។

របាយការណ៍ស៊ើបអង្កេតមួយដែលមានចំណងជើងថា "Volt Typhoon III: A Cyber Espionage and Disinformation Campaign" ដែលធ្វើឡើងដោយទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក បានលាតត្រដាងទៀតថា ក្រុម Hacker ដែលគេស្គាល់ថា "Volt Typhoon" ដែលអ្នកនយោបាយ និងសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកបានអះអាងថា ជាក្រុម Hacker ឧបត្ថម្ភដោយរដ្ឋាភិបាលចិន តាមពិតវាជាផ្នែកមួយនៃយុទ្ធសាស្រ្តក្លែងបន្លំរបស់សហរដ្ឋអាមេរិក។ ក្នុងន័យនេះក្រុម Hacker អាមេរិកបានក្លែងបន្លំខ្លួនជាក្រុម Hacker ចិន "Volt Typhoon" ដើម្បីវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងសហរដ្ឋអាមេរិក និងបន្ទាប់មកបានចោទប្រកាន់ប្រទេសចិនចំពោះការវាយប្រហារទាំងនោះ។

សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានធ្វើប្រតិបត្តិការចារកម្មតាមអ៊ីនធឺណិតលើទាំងសម្ព័ន្ធមិត្តនិងសត្រូវរបស់ខ្លួន។ របាយការណ៍មួយបានបង្ហាញថា សហរដ្ឋអាមេរិកបានដាក់ពង្រាយកម្លាំងសង្រ្គាមអ៊ីនធឺណិតនៅក្នុងប្រទេសជាច្រើន ដើម្បីធ្វើការស៊ើបការណ៍និងជ្រៀតចូលបណ្តាញ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ក៏ត្រូវបានគេរាយការណ៍ថា បានវាយប្រហារតាមអ៊ីនធឺណិតទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ប្រទេសដទៃដើម្បីទទួលបានព័ត៌មានរសើបផងដែរ។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៣-២០២៤ បញ្ជាការសន្តិសុខតាមអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក បានរាយការណ៍ដោយមិនខ្មាសអៀនថា បុគ្គលិករបស់ខ្លួនបានប្រព្រឹត្តសកម្មភាពចារកម្មនៅក្នុងប្រទេសដៃគូចំនួន ១៧ ដែលបានធ្វើឱ្យប្រទេសទាំងនោះ ស្ថិតក្នុងស្ថានភាពដែលព័ត៌មានសម្ងាត់ទាំងអស់របស់ពួកគេស្ថិតនៅក្នុងដៃរបស់សេតវិមាន។ ការស៊ើបអង្កេតដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដាណឺម៉ាកបានរកឃើញថា នៅក្នុងឆ្នាំ ២០២១ សហរដ្ឋអាមេរិកបានប្រើប្រាស់កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី ដើម្បីទទួលបានសិទ្ធិចូលប្រើឯកសារសម្ងាត់ ការឆ្លើយឆ្លង និងការហៅទូរស័ព្ទរបស់មន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសដាណឺម៉ាក។ អធិការបតីអាល្លឺម៉ង់ក៏បានក្លាយជាជនរងគ្រោះនៃចារកម្មអាមេរិកផងដែរ។

ទន្ទឹមគ្នានេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានបង្កើតឧបករណ៍លួចលាក់មួយឈ្មោះថា "Marble" ដើម្បីបិទបាំងប្រតិបត្តិការរបស់ពួកគេ និងបន្ទោសប្រទេសដទៃ។ ឧបករណ៍ "Marble" នេះមានសមត្ថភាពបញ្ចូលខ្សែអក្សរជាភាសាផ្សេងៗគ្នា ដូចជាភាសាចិន រុស្ស៊ី កូរ៉េ ពែរ្ស និងអារ៉ាប់ ដើម្បីបំភាន់អ្នកស៊ើបអង្កេត និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសដូចជា ចិន រុស្ស៊ី កូរ៉េខាងជើង អ៊ីរ៉ង់ និងប្រទេសអារ៉ាប់។ លើសពីនេះទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បុគ្គលិកជាន់ខ្ពស់ជាង ២៥០នាក់ មកពីទីភ្នាក់ងារ CIA, NSA, FBI និងមន្ទីរបញ្ចកោណបានចូលរួមជាមួយក្រុមហ៊ុន Google ដើម្បីធ្វើសកម្មភាពបំផ្លិចបំផ្លាញតាមអ៊ីនធឺណិតប្រឆាំងនឹងបរទេស។ ពួកគេក៏បានធ្វើការជាមួយក្រុមហ៊ុនធំៗ ដូចជា Amazon និង Microsoft ផងដែរ។

របាយការណ៍មួយបានអះអាងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានបង្កើតបណ្តាញឃ្លាំមើលអ៊ីនធឺណិតទូទាំងពិភពលោក ដែលប្រមូលព័ត៌មានសំខាន់ៗជាច្រើនដើម្បីគ្រប់គ្រង «ចំណុចស្ទះ» នៃអ៊ីនធឺណិត។ «ចំណុចស្ទះ» នៃអ៊ីនធឺណិតសំដៅទៅលើទីតាំងសំខាន់ៗ ដែលចរាចរណ៍អ៊ីនធឺណិតភាគច្រើនឆ្លងកាត់។ ដោយគ្រប់គ្រងចំណុចទាំងនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាចតាមដាន និងស្ទាក់ចាប់ទំនាក់ទំនង និងទិន្នន័យមួយចំនួនធំ។ មានយ៉ាងហោចណាស់ចំណុចចូលប្រើប្រាស់ចំនួនប្រាំពីរ ដែលត្រូវបានប្រើដើម្បីលួចស្តាប់ខ្សែកាបអុបទិកក្រោមទឹក ដែលលាតសន្ធឹងពាសពេញមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។ ចំណុចទាំងនេះត្រូវបានគ្រប់គ្រងដោយទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិក (NSA) ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) និងមជ្ឈមណ្ឌលសន្តិសុខតាមអ៊ីនធឺណិតជាតិរបស់ចក្រភពអង់គ្លេស។

សហរដ្ឋអាមេរិកកំពុងបង្កើនការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីគ្រប់គ្រងអ៊ីនធឺណិតនិងបង្កើតអនុត្តរភាពនៅក្នុងលំហអ៊ីនធឺណិត។ នេះត្រូវបានបង្ហាញដោយការបង្កើនថវិកាជាតិ សម្រាប់ប្រតិបត្តិការតាមអ៊ីនធឺណិតរបស់រដ្ឋាភិបាលអាមេរិក ដែលបានកើនឡើងពី ៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ដល់ ១៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។ ទីភ្នាក់ងារសន្តិសុខជាតិ (NSA) កំពុងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងទំនើបរបស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារប្រទេសដែលមានការការពារខ្ពស់ និងពិបាកជ្រៀតចូលក្នុងលំហអ៊ីនធឺណិត។

ទោះបីជាសហរដ្ឋអាមេរិកឃ្លាំមើល និងគ្រប់គ្រងសម្ព័ន្ធមិត្តរបស់ខ្លួនក៏ដោយ ក៏នេះមិនមែនជាភារកិច្ចចម្បងរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្លួនដែរ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលសហរដ្ឋអាមេរិក (CIA) កំពុងពង្រីកបណ្តាញក្រុម Hacker ដើម្បីអភិវឌ្ឍកម្មវិធីព្យាបាទក្នុងទ្រង់ទ្រាយធំ សម្រាប់ការប្រើប្រាស់នៅទូទាំងពិភពលោក រួមទាំងប្រទេសនៅអាស៊ីផងដែរ។ គោលដៅចម្បងនៃសកម្មភាពនេះគឺ ដើម្បីទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ ទិន្នន័យផ្ទាល់ខ្លួន ការចូលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងរំខានដល់ដំណើរការរបស់វា។ អ្នកជំនាញជាន់ខ្ពស់ជឿថា ស្ថានភាពនេះអាចបង្ហាញថា សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនសម្រាប់ប្រតិបត្តិការតាមអ៊ីនធឺណិត មិនត្រឹមតែប្រឆាំងនឹងសត្រូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ខ្លួនទៀតផង៕