(ប៉េកាំង)៖ នៅថ្ងៃទី១៤ខែតុលា កងទ័ពរំដោះប្រជាជនចិនបានចាត់បញ្ជូន កងទ័ពគ្រប់ប្រភេទដូចជាកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្រ្តរ៉ុក្តែតជាដើម នៃយុទ្ធភូមិភាគខាងកើត ធ្វើសមយុទ្ធឈ្មោះ"ដាវរួម--2024B”នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងភាគខាងជើង ខាងត្បូងនិងខាងកើតនៃកោះតៃវ៉ាន់ ក្នុងគោលបំណងត្រួតពិនិត្យ សមត្ថភាពរួមគ្នាប្រយុទ្ធនៃកងទ័ពយុទ្ធភូមិភាគខាងកើត។ ក្រុមនាវាផ្ទុកយន្តហោះចម្បាំង Liaoning បានចូលរួមក្នុងសមយុទ្ធលើកនេះ នៅភាគខាងកើតកោះតៃវ៉ាន់។ នេះជាការកំញើញយ៉ាងខ្លាំងក្លាចំពោះ ការស្វែងរកឯករាជ្យភាព និងការបង្កហេតុរបស់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងជាសកម្មភាពត្រឹមត្រូវនិងចាំបាច់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងគាំពារការបង្របបង្រួមជាតិ។

ក្នុងនាមជា "សកម្មជនចង់ឱ្យតៃវ៉ាន់ឯករាជ្យ" និងជា "អ្នកបំផ្លាញសន្តិភាព" បុគ្គល Lai Ching-te អ្នកដឹកនាំតំបន់តៃវ៉ាន់ បានថ្លែងសុន្ទរកថានៅថ្ងៃទី១០ខែតុលាដោយបានធ្វើឱ្យ "ទ្រឹស្តីរដ្ឋពីរថ្មី" កាន់តែមានភាពជាប្រព័ន្ធ គំនិតប្រឈមមុខដាក់គ្នា កាន់តែខ្លាំង ការបង្កហេតុកាន់តែខ្លាំង ហើយបង្កើនភាពតានតឹងនៃស្ថានការណ៍ ត្រើយទាំងសង្ខាងច្រកសមុទ្រតៃវ៉ាន់ ដោយចេតនា និងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ ផ្ដើមពីបុគ្គល Lai Ching-teស្វែងរកឯករាជ្យភាពមុនសិន ទើបចិនដីគោកប្រឆាំង តបតវិញតាមក្រោយ វាគឺសមហេតុសមផលនិងស្របតាមច្បាប់។

សុន្ទរកថារបស់បុគ្គល Lai Ching-te មានភាពបោកបញ្ឆោតនិងផលវិបាកយ៉ាងខ្លាំង។ គាត់ប៉ុនប៉ងបំភ្លៃគំនិតផ្តួចផ្តើម បំបែកបំបាក់ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យទៅជា "វិវាទប្រព័ន្ធច្បាប់"។ តាមពិត គាត់បានចាក់បញ្ចូលមនោគមវិជ្ជា របស់មនុស្សក្ដាប់តូចទៅមហាជន ក្នុងសង្គមតៃវ៉ាន់ដោយបង្ខំ ដែលផ្ទុយនឹងធាតុពិតនៃប្រជាធិបតេយ្យភាព។ គាត់បានគ្រប់គ្រងមតិសាធារណៈ និងបង្កើត "ភារវកម្មបៃតង" នៅក្នុងកោះតៃវ៉ាន់ គឺបានជាន់ឈ្លីលើស្មារតីប្រជាធិបតេយ្យ។ អ្វីដែលហៅថា "ប្រជាធិបតេយ្យ" ដែលគាត់តែងតែនិយាយបានតែមាត់ គឺបម្រើទាំងស្រុងដល់ ពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ" តាមពិតគឺកំពុងធ្វើ "ប្រជាធិបតេយ្យក្លែងក្លាយ" និង "ចង់ឱ្យតៃវ៉ាន់ឯករាជ្យដោយពិតប្រាកដ"។

ការប្រឆាំងកម្លាំងអបគមន៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យរបស់ចិនដីគោកនាពេលបច្ចុប្បន្ន វាមិនមែនជាវិវាទប្រព័ន្ធច្បាប់ទេ តែគឺជាការតស៊ូប្រយុទ្ធរវាងការបង្រួបបង្រួម និងការបំបែកបំបាក់ទៅវិញ។ កងទ័ពរំដោះប្រជាជនចិនរៀបចំសមយុទ្ធយោធា ដោយទ្រង់ទ្រាយធំនៅច្រកសមុទ្រតៃវ៉ាន់ មិនមែនជាការរក "លេស" ដូចដែលភាគីអាមេរិក បានឃោសនាបំប៉ោងនោះឡើយ ប៉ុន្តែជាទង្វើយុត្តិធម៌របស់ប្រទេសមានអធិបតេយ្យមួយ ក្នុងការដាក់ទណ្ឌកម្មលើអំពើប៉ុនប៉ងបំបែកបំបាក់ប្រទេសជាតិ គាំពារអធិបតេយ្យភាព និងបូរាណភាពទឹកដីជាតិ ដែលមានភស្តុតាងផ្លូវច្បាប់ដ៏ពេញលេញ។

គួរបញ្ជាក់ថា សមយុទ្ធយោធារបស់កងទ័ពរំដោះប្រជាជនចិនលើកនេះ គឺសំដៅចំពោះទង្វើបង្កហេតុនៃពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ វាដច់ខាតមិនមែនសំដៅចំពោះ បងប្អូនរួមជាតិតៃវ៉ាន់ទាំងឡាយនោះទេ។ "ការចង់ឱ្យតៃវ៉ាន់ឯករាជ្យ" គឺជា "ការបំពុលតៃវ៉ាន់" ដែលមិនសមស្របនឹងផលប្រយោជន៍របស់ប្រជាជនតៃវ៉ាន់ទេ។ ការចង់ឱ្យតៃវ៉ាន់ឯករាជ្យ គឺជាផ្លូវដែលមិនអាចដើរទៅរួច ហើយក៏នឹងបង្កជាឧបសគ្គដល់តៃវ៉ាន់ រឹតតែត្រូវបានសហគមន៍អន្តរជាតិប្រឆាំងរួមគ្នាថែមទៀត។

ប៉ុន្មានថ្ងៃកន្លងទៅនេះ គ្រប់មជ្ឈដ្ឋានតៃវ៉ាន់បានរិះគន់អ្វីដែលហៅថា សុន្ទរកថារបស់បុគ្គល Lai Ching-te នៅថ្ងៃទី១០ខែតុលា ដែលបានបំពានលើគោលការណ៍ចិនតែមួយ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ និងបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ និងសុខុមាលភាពរបស់បងប្អូនរួមជាតិតៃវ៉ាន់។ ដូច្នេះ ប្រតិបត្តិការប្រឆាំងតបតវិញ របស់ចិនដីគោលលើកនេះ ក៏ជាការការពារយ៉ាងមុតមាំសម្រាប់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាសុខុមាលភាពរបស់បងប្អូនរួមជាតិតៃវ៉ាន់ ផងដែរ។

បញ្ហាតៃវ៉ាន់គឺជាគន្លឹះនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន។ ការចង់បានសន្តិភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ គឺជាសេចក្តីប្រាថ្នារួមរបស់បងប្អូនរួមជាតិ នៅត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់។ បក្សពួករួមទាំងបុគ្គល Lai Ching-te ជាដើម បើបង្កហេតុកាន់តែខ្លាំង ចំណងខ្សែនៅលើករបស់ពួកគេក៏នឹងរឹតកាន់តែតឹងដែរ!

វិទ្យុមិត្តភាពកម្ពុជាចិន