(វ៉ាស៊ីនតោន)៖ THAAD គឺជាប្រព័ន្ធខែលប្រឆាំងមីស៊ីលមួយស្ថិតនៅក្នុងចំណោមប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ដែលមានសមត្ថភាពបាញ់ស្ទាក់កម្ទេច មីស៊ីលបាលិស្ទីគនៅរយៈចម្ងាយពី១៥០ ដល់២០០គីឡូម៉ែត្រ ហើយមានអត្រាជោគជ័យស្ទើរតែល្អឥតខ្ចោះនៅក្នុងការធ្វើតេស្ដ។ ដោយប្រើប្រាស់រួមគ្នារវាងប្រព័ន្ធរ៉ាដាដ៏ទំនើប និងគ្រាប់មីស៊ីល THAAD ឬមានឈ្មោះពេញថា Terminal High-Altitude Area Defense ជាប្រព័ន្ធខែលប្រឆាំងមីស៊ីលតែមួយគត់របស់សហរដ្ឋអាមេរិកដែលអាចបំផ្លាញ មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយ ទាំងនៅខាងក្នុង និងខាងក្រៅបរិយាកាស អំឡុងពេលហោះហើរដំណាក់កាលចុងក្រោយ ឬក៏នៅពេលមីស៊ីលធ្លាក់តម្រង់ទៅរកគោលដៅ។ បើតាមរបាយការណ៍មួយរបស់សេវាស្រាវជ្រាវសភាអាមេរិក (Congressional Research Service) យោធាអាមេរិកមានប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD ៧ឈុត ហើយក្នុងមួយឈុត មានរថយន្ដជើងទម្រ ៦គ្រឿង និងក្នុងមួយជើងទម្រមានមីស៊ីល៨គ្រាប់ អមជាមួយប្រព័ន្ធរ៉ាដាដ៏មានថាមពលមួយ ព្រមទាំងទីបញ្ជាការបញ្ជាបាញ់ និងទំនាក់ទំនង។

កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន មន្ទីរបញ្ចកោណបានឱ្យដឹងថាសហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD មួយឈុតទៅកាន់អ៉ីស្រាអែល ដើម្បីជួយពង្រឹងបន្ថែមសមត្ថភាព ការពារដែនអាកាសដែលរឹងមាំរួចទៅហើយនោះ បន្ទាប់ពីអ៉ីរ៉ង់បាញ់មីស៊ីលតម្រង់រកអ៉ីស្រាអែលចំនួន ២លើក កាលពីថ្ងៃទី១៣ ខែមេសា និងជាថ្មីម្ដងទៀតកាលពីថ្ងៃទី១ ខែតុលាកន្លងទៅ នេះ។ ប៉ុន្តែ ដើម្បីអាចធ្វើប្រតិបត្តិការប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើបនេះសហរដ្ឋអាមេរិកក៏ចាំបាច់ត្រូវបានបញ្ជូនកងទ័ពទៅកាន់អ៉ីស្រាអែលដែរ ដូច្នេះហើយបើតាមមន្ទីរបញ្ចកោណ សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ព១០០នាក់ទៅកាន់អ៉ីស្រាអែល ដើម្បីជួយធ្វើប្រតិបត្តិការ THAAD។

នៅមុនការសម្រេចចិត្តបញ្ជូន THAAD ទៅជួយអ៉ីស្រាអែល ទូរទស្សន៍អាមេរិក CNN ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអ៉ីរ៉ង់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា អ៉ីរ៉ង់បានជូនដំណឹងសហរដ្ឋអាមេរិកថាតេហេរ៉ង់នឹងសងសឹកទៅនឹងរាល់ការវាយប្រហារជាថ្មីណាមួយពីអ៉ីស្រាអែល។ ជាមួយទីបញ្ជាការ រួមទាំងប្រព័ន្ធគ្រប់គ្រង និងប្រយុទ្ធ THAAD អាចធ្វើ ការទាក់ទងជាមួយប្រព័ន្ធខែលប្រឆាំងមីស៊ីលដទៃទៀតរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានដូចជា Aegis systems ដែលជាប្រព័ន្ធអាវុធមួយត្រូវបានដំឡើងនៅលើនាវាចម្បាំង និងប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ដែលត្រូវបានអភិវឌ្ឍឡើងដើម្បីស្ទាក់មីស៊ីលរយៈចម្ងាយខ្លី។ សហរដ្ឋអាមេរិកមានប្រព័ន្ធខែលប្រឆាំងមីស៊ីលជាច្រើនក្រៅពី THAAD ម្លោះហើយការបញ្ជូន THAAD បង្ហាញថារដ្ឋបាលលោក ចូ បៃដិន យកចិត្តទុកខ្ពស់លើការដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះទៅកាន់អ៉ីស្រាអែល ដោយម្ខាងអាចការពារអ៉ីស្រាអែល និងម្ខាងទៀតដើម្បីបញ្ចៀសកុំឱ្យ ផ្ទុះសង្រ្គាមក្នុងតំបន់ទាំងមូល។ ពីព្រោះបើជួយទប់ស្កាត់កុំឱ្យអ៉ីស្រាអែលរងការខូចខាតធ្ងន់ធ្ងរពីការវាយប្រហារណាមួយពីអ៉ីរ៉ង់ នោះទើបអាមេរិកស្រួលបញ្ចុះបញ្ចូលអ៉ីស្រាអែលឱ្យបន្ធូរដៃខ្លះ នៅពេលត្រូវសងសឹកអ៉ីរ៉ង់វិញ។

* តើមានហេតុផលអ្វីធ្វើឱ្យ THAAD អាចបាញ់កម្ទេចគោលដៅចំៗ?
អ្វីដែលធ្វើឱ្យ THAAD អាចបាញ់កម្ទេចគោលដៅចំៗ នោះគឺប្រព័ន្ធរ៉ាដាដែលផ្ដល់ព័ត៌មានអំពីគោលដៅដែលគេស្គាល់ថា Army Navy/Transportable Radar Surveillance radar ឬហៅកាត់ថា AN/TPY-2។ បើតាមកម្មវីធី Missile Defense Project របស់វិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ CSIS មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន ប្រព័ន្ធរ៉ាដានេះ អាចចាប់សញ្ញា និងស្ទាក់បំផ្លាញមីស៊ីលតាមមធ្យោបាយ២។ ទីមួយគឺ forward-based mode ដែលជារ៉ាដាចាប់សញ្ញាមីស៊ីលបាលិស្ទីគ បន្ទាប់ពីត្រូវបានបាញ់ចេញ។ រ៉ាដានេះអាចចាប់សញ្ញា បានរយៈចម្ងាយ ៣០០០គីឡូម៉ែត្រឯណោះ។ ទី២ គឺ៖ Terminal mode ជារ៉ាដាជួយតម្រង់ទិសរបស់មីស៊ីលហោះសំដៅទៅរកគោលដៅដែលកំពុងហោះតម្រង់មក។ អ៉ីរ៉ង់ស្ថិតនៅចម្ងាយ ប្រហែល ១៧០០គីឡូម៉ែត្រពីអ៉ីស្រាអែល។

លោក Cedric Leighton ជាអ្នកវិភាគយោធាម្នាក់ និងជាអតីតមន្ត្រីកងទ័ពអាកាសអាមេរិកម្នាក់ បាននិយាយថា THAAD មិនត្រឹមតែអាចជួយការពារអ៉ីស្រាអែលប៉ុណ្ណោះទេ តែក៏អាច ធ្វើសកម្មភាពកំញើញទប់ស្កាត់ការវាយប្រហារផងដែរ។ លោកបន្ថែមថានៅពេលដាក់ឱ្យប្រព័ន្ធនេះដំណើរការ វានឹងកាន់តែជួយពង្រឹងបន្ថែមនូវសមត្ថភាពការពារដែនអាកាសរបស់អ៉ីស្រាអែល ដែលខ្លំាងក្លារួចទៅហើយនោះ។

គួរបញ្ជាក់ថា បើតាម Missile Defense Project ប្រព័ន្ធ THAAD មិនដែលបរាជ័យឡើយ នៅក្នុងការស្ទាក់ចាប់បំផ្លាញគោលដៅ អំឡុងការធ្វើតេស្ដ។ THAAD អាចត្រូវបានដាក់ពង្រាយ ក្នុងពេលដ៏ខ្លី ដោយគ្រាន់តែដឹកជញ្ជូនតាមយន្ដហោះយោធាអាមេរិកដូចជា C-17 និង C-5 បញ្ជូនទៅអ៉ីស្រាអែល។ ប៉ុន្តែ មន្ទីរបញ្ចកោណមិនបានបញ្ជាក់លម្អិតថា THAAD នឹងត្រូវដាក់ ឱ្យដំណើរការនៅពេលណានោះទេ៕