(ហ្សាការតា)៖ លោកស្រី Sri Mulyani Indrawati គឺជារដ្ឋមន្រ្តីហិរញ្ញវត្ថុមួយរូប ដែលត្រូវរក្សាទុកឱ្យនៅដដែល ក្រោមរដ្ឋាភិបាលថ្មីរបស់ប្រទេសឥណ្ឌូណេស៉ី ដឹកនាំដោយប្រធានាធិបតីជាប់ឆ្នោត លោក Prabowo Subianto ហើយនឹងធ្វើឱ្យលោកស្រី ក្លាយជារដ្ឋមន្រ្តីដំបូងគេ ដែលអាចរក្សាបាននូវតំណែង ក្នុងអាណត្តិប្រធានាធិបតី ៣រូបផ្សេងគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ ២០២៤។

អតីតនាយកគ្រប់គ្រងធនាគារពិភពលោក អាយុ ៦២ឆ្នាំរូបនេះ ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនរដ្ឋមន្ត្រី ច្រើនជាង ៤៥នាក់ ដែលលោក Prabowo ហៅមកសួរនាំការងារនៅផ្ទះរបស់លោក ក្នុងទីក្រុងហ្សារកាតា ភាគខាងត្បូង នៅថ្ងៃនេះ ខណៈដែលលោកបានបញ្ចប់តួនាទីបច្ចុប្បន្ន ដើម្បីរង់ចាំចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការ។

លោកស្រី Sri Mulyani បានប្រាប់អ្នកយកព័ត៌មានថា «គាត់ (លោក Prabowo) បានស្នើឱ្យខ្ញុំធ្វើជារដ្ឋមន្ត្រីហិរញ្ញវត្ថុ បន្តទៀត។ មានការពិភាក្សាគ្នាច្រើន អំពីថវិការដ្ឋ ខណៈដែលក្រុមរបស់ខ្ញុំ បាននិងកំពុងរៀបចំសេចក្តីព្រាងថវិកាឆ្នាំ ២០២៥ អំឡុងពេលអន្តរកាលនេះ។ លោកស្រី Sri Mulyani ពន្យល់ថា «វាជារឿងសំខាន់សម្រាប់ខ្ញុំ ក្នុងការយល់ដឹងអំពីអាទិភាព របស់ប្រធានាធិបតី និងអនុប្រធានជាប់ឆ្នោត»

គួរបញ្ជាក់ថា លោកស្រី Sri Mulyani បានក្លាយជារដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៉ី ជាលើកដំបូងក្នុងឆ្នាំ ២០០៥ តាំងពីអាណត្តិរបស់ប្រធានាធិបតី លោក Susilo Bambang Yudhoyono។ ក្រោយមក លោកស្រីបានលាលែងពីតំណែង ក្នុងឆ្នាំ ២០១០ ដើម្បីធ្វើជានាយកគ្រប់គ្រង របស់ធនាគារពិភពលោក។ នៅខែកក្កដា ឆ្នាំ ២០១៦ លោកស្រីត្រូវបានតែងតាំងជា រដ្ឋមន្ត្រីហិរញ្ញវត្ថុឡើងវិញ ដោយប្រធានាធិបតី លោក Joko Widodo ហើយរក្សាបាននូវតួនាទីនេះ រហូតមកដល់សព្វថ្ងៃ៕