(ហ្គាហ្សា)៖ អ៊ីស្រាអែលបានបង្កើនការវាយប្រហារនៅតំបន់ហ្គាហ្សាភាគខាងជើង ដោយបានបាញ់ផ្លោងទៅលើជំរុំជនភៀសខ្លួន Jabalia បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់ស្លាប់ និង ៤០នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។

ការវាយប្រហារនេះ បានបង្កឱ្យមានការភ័យខ្លាច ក្នុងចំណោមប្រជាជនដែលខ្លាចថា អ៊ីស្រាអែល នឹងជម្លៀសពួកគេចេញពីតំបន់នេះ។ យោធាអ៊ីស្រាអែល បានឡោមព័ទ្ធជំរុំ Jabalia និងបានបញ្ជូនរថក្រោះចូលទៅក្នុងទីក្រុងក្បែរនោះដើម្បីកម្ចាត់ក្រុមហាម៉ាស។

អ៊ីស្រាអែល បានបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីន ជម្លៀសចេញពីតំបន់ភាគខាងជើង ប៉ុន្តែក្រុមហាម៉ាសបានប្រាប់ពួកគេ កុំឱ្យចាកចេញដោយអះអាងថា វាមានគ្រោះថ្នាក់ខ្លាំងពេក​ ខណៈអ្នកស្រុកមានការភ័យខ្លាចថា ពួកគេនឹងមិនអាចវិលត្រឡប់មកផ្ទះវិញបានទេ ប្រសិនបើពួកគេចាកចេញ។ ទន្ទឹមគ្នានេះក្រុមហាម៉ាសបានចោទប្រកាន់អ៊ីស្រាអែលថា កំពុងព្យាយាមបណ្តេញប្រជាជនចេញពីតំបន់ភាគខាងជើង តាមរយៈការទម្លាក់គ្រាប់បែក និងការរារាំងជំនួយមនុស្សធម៌។

គួរបញ្ជាក់ថា តំបន់ភាគខាងជើងនៃហ្គាហ្សា គឺជាកន្លែងរស់នៅរបស់ប្រជាជនជាងពាក់កណ្តាល នៃប្រជាជនហ្គាហ្សា ចំនួន ២.៣លាននាក់។ តំបន់នេះត្រូវបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ក្នុងដំណាក់កាលដំបូងនៃសង្រ្គាម។ ប្រជាជនរាប់រយពាន់នាក់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយបច្ចុប្បន្នមានប្រជាជនប្រមាណ ៤០០,០០០នាក់ នៅសេសសល់៕