(ប៉េកាំង)៖ កាលពីថ្ងៃទី ១០ ខែតុលា បុគ្គល Lai Ching-te អ្នកដឹកនាំនៃតំបន់តៃវ៉ាន់ប្រទេសចិន បានលើកឡើងម្តងទៀត នូវអ្វីដែលហៅថា "ទស្សនថ្មីស្តីពីប្រទេសពីរ"និង"មិនចំណុះឱ្យគ្នា" ប្រឌិតពាក្យសម្តីបំបែកបំបាក់ ដ៏ខុសទំនងដែល "ចង់ឱ្យតៃវ៉ាន់ឯករាជ្យ" ជម្រុញការផ្តួចផ្តើមបំបែកបំបាក់ ញ៉ុះញង់ឱ្យត្រើយទាំងសងខាងធ្វើបដិបក្ខនឹងគ្នា។ ក្នុងបរិបទ ដែលការប្រកាន់ខ្ជាប់ នូវគោលការណ៍ចិនតែមួយ បានក្លាយជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ តាំងពីយូរណាស់ មកហើយ។ សុន្ទរកថារបស់បុគ្គល Lai Ching-te ធ្វើផ្ទុយពីចរន្តយុគសម័យ ដែលបានលាតត្រដាងម្តងទៀត នូវគោលជំហរដ៏រឹងចចេសរបស់កម្លាំងអបគមន៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យនិងចេតនាអាក្រក់ ដែលបង្កើនភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ដើម្បីស្វែងរកផលប្រយោជន៍ខាងនយោបាយផ្ទាល់ខ្លួន។

ចាប់ពីបានឡើងកាន់មុខតំណែងជា អ្នកដឹកនាំតំបន់តៃវ៉ាន់កាលពីខែឧសភា ឆ្នាំនេះមក បុគ្គល Lai Ching-te បានឃោសនាបំប៉ោងពី"ឯករាជ្យភាពតៃវ៉ាន់"តាមគ្រប់ទម្រង់។ ខណៈពេលថ្លែងសុន្ទរកថានៅថ្ងៃទី ២០ ខែឧសភា បុគ្គល Lai Ching-te បានប្រកាសដោយបើកចំហថា "ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ មិនចំណុះគ្នាទៅវិញទៅមក" ប៉ុនប៉ងបង្ករឿងហេតុក្នុងបញ្ហាទទួលស្គាល់អ្វីដែលហៅថា "ប្រទេស" ក្នុងន័យយកទំនាក់ទំនងរវាងប្រទេសទាំងពីរ មកជំនួសទំនាក់ទំនងរវាងត្រើយទាំងសងខាង។ ការលើកឡើង ពាក់ព័ន្ធរបស់បុគ្គល Lai Ching-te បានបង្កជាទំនាស់យ៉ាងធ្ងន់ធ្ងរ ដល់គោលការណ៍ចិនតែមួយនិងបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាពនិងស្ថិរភាពនៅ តំបន់ច្រកសមុទ្រតៃវ៉ាន់ ដូច្នេះ ការលើកឡើងទាំងនេះបង្កប់នូវកម្លាំងដែល "ចង់ឱ្យតៃវ៉ាន់ឯករាជ្យ" យ៉ាងខ្លាំងនិងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។

មិនថា បុគ្គល Lai Ching-te ប្រើប្រាស់ពាក្យពេចន៍យ៉ាងណាទៅតែងលម្អ គំនិតផ្តួចផ្តើមស្តីពី "កម្លាំងអបគមន៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ" ក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែ ការពិតជាក់ស្តែងដែលថា ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺជាប្រទេសចិនតែមួយនិងតៃវ៉ាន់ជា ចំណែកមួយរបស់ចិនបានឡើយ។ «សេចកី្តប្រកាសក្រុងគែរ» ដែលបានចុះហត្ថលេខា កាលពីឆ្នាំ ១៩៤៣ និង «សេចក្តីប្រកាស Potsdam» ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៤៥ បានកំណត់យ៉ាងច្បាស់ថា ទឹកដីចិនដែលបូករួម ទាំងកោះតៃវ៉ាន់ផងដែរ ដែលជប៉ុនឆក់យកនោះ គឺ ត្រូវប្រគល់មកឱ្យចិនវិញ។

កាលពី ៥៣ឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ២៦ បានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ២៧៥៨ ដោយមានសំឡេងគាំទ្រច្រើនលើសលប់ ដែលសម្រេចចិត្ត រៀបចំឡើងវិញ នូវសិទ្ធិស្រប់ច្បាប់ទាំងអស់ របស់សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងអង្គការសហប្រជាជាតិ ហើយទទួលស្គាល់ថា រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់ របស់ចិននៅអង្គការសហប្រជាជាតិ តំណាងខុសច្បាប់របស់តំបន់តៃវ៉ាន់ ត្រូវបានបណ្តេញចេញពី អង្គការសហប្រជាជាតិភ្លាមៗ។ សេចក្តីសម្រេចចិត្តនេះ បានដោះស្រាយទាំងស្រុង នូវបញ្ហាសិទ្ធិតំណាងរបស់ប្រទេសចិនទាំងមូល ដែលបូករួមទាំងតៃវ៉ាន់ផងដែរ នៅអង្គការសហប្រជាជាតិ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្វីដែលហៅថា "ប្រទេសចិនពីរ" ឬ "ចិនមួយ តៃវ៉ាន់មួយ" នោះទេ ។ ក្នុងបញ្ហាជាគោលការណ៍នេះ គ្មានតំបន់ពណ៌ប្រផេះឬចន្លោះប្រហាង ដែលមានភាពស្រពេចស្រពិលនោះទេ។

"មាតុភូមិរបស់ជនជាតិចិនតៃវ៉ាន់ គឺប្រទេសចិន" "បុគ្គល Lai Ching-te ចាំបាច់ត្រូវបញ្ឈប់នូវទង្វើដ៏គ្រោះថ្នាក់មួយនេះ ដើម្បីជៀសវាងកុំឱ្យរុញច្រានប្រជាជនតៃវ៉ាន់ចំនួន ២៣ លាននាក់ធ្លាក់ក្នុងសភាពកាន់តែគ្រោះថ្នាក់"។ល។ សំឡេងរិះគន់ នៅកោះតៃវ៉ាន់ទាំងនេះបានបង្ហាញឱ្យឃើញថា មនុស្សកាន់តែច្រើនឡើងៗបានឃើញច្បាស់ថា បុគ្គល Lai Ching-te និងបក្ខពួកជាអ្នកក្បត់ឆន្ទៈប្រជាជននៅកោះតៃវ៉ាន់ និងជាអ្នកបំផ្លាញសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់។

កាលពីខែកញ្ញា ឆ្នាំនេះ តំបន់ចិនដីគោកបានចេញផ្សាយសេចក្តីប្រកាស ស្តីពីការផ្អាកកម្មវិធីកាត់បន្ថយពន្ធគយ ចំពោះផលិតផលលើកទីបីក្នុង «កិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌ សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច រវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់» (ECFA) ដោយបានសម្រេចចិត្តលុបចោល គោលនយោបាយរួចពន្ធចំពោះកសិផលចំនួន ៣៤ មុខដែលផលិតនៅតំបន់តៃវ៉ាន់ ។យោងតាមការស្ទង់មតិ ដែលចេញផ្សាយដោយប្រព័ន្ធសារព័ត៌មានតៃវ៉ាន់ នាពេលថ្មីៗកន្លងទៅនេះ កម្រិតទំនុកចិត្តរបស់ប្រជាជននៅកោះតៃវ៉ាន់ចំពោះបុគ្គល Lai Ching-te បានបំបែកកំណត់ត្រាទាបបំផុត បន្ទាប់ពីឡើងកាន់មុខតំណែងមក។ ប្រការនេះបានបង្ហាញថា ការប្រព្រឹត្តទង្វើខុសឆ្គង របស់បុគ្គលនេះ លើវិស័យទំនាក់ទំនង រវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ជាដើម កំពុងបាត់បង់ការគាំទ្រពីប្រជាជនតៃវ៉ាន់។

តំបន់តៃវ៉ាន់ជាតៃវ៉ាន់របស់ចិន មិនមែនជាអ្វីដែលហៅថា "តៃវ៉ាន់របស់ពិភពលោក"នោះទេ។ "កម្លាំងអបគមន៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ" ប្រឆាំងនឹងសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ប្រព្រឹត្តផ្ទុយនឹងផលប្រយោជន៍ និងសុខមាលភាពរបស់ជនរួមជាតិ នៃត្រើយទាំងសងខាង គឺ កំពុងដុតសម្លាប់ខ្លួនឯង។ មិនថាស្ថានការណ៍ ក្នុងកោះតៃវ៉ាន់ប្រែប្រួលយ៉ាងណា មិនថាអ្នកណាឡើងកាន់អំណាចក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការពិត ដែលត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺជាប្រទេសចិនតែមួយ មិនអាចកែប្រែនិម្មាបនកម្មជាមូលដ្ឋាន និងទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងត្រើយទាំងសងខាង ហើយក៏មិនអាចរារាំងនិន្នាការប្រវត្តិសាស្រ្ត ដែលទីបំផុតមាតុប្រទេស នឹងសម្រេចបាននូវការបង្រួបបង្រួមបានឡើយ៕

វិទ្យុមិត្តភាពកម្ពុជាចិន