(អ៉ីស្លាម៉ាបាដ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បានប្រាប់អ្នកសារព័ត៌មានថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang នឹងមកចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអាកាសយានដ្ឋានអន្តរជាតិក្នុងខេត្ត Balochistan ដែលសាងសង់ឡើងក្រោមមូលនិធិរបស់ទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ ២០២៤។
អាកាសយានដ្ឋានអន្តរជាតិ Gwadar ដែលមានតម្លៃ ២០០លានដុល្លារ នឹងគ្រប់គ្រងជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ ហើយក៏នឹងក្លាយជាព្រលានយន្តហោះដ៏ធំបំផុតមួយ របស់ប្រទេសប៉ាគីស្ថាន។ តាមក្រសួងការបរទេសប៉ាគីស្ថាន លោក Li ត្រូវមកចូលរួមកិច្ចប្រជុំនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែលមានសមាជិកចំនួន ៩ រួមទាំងចិន ឥណ្ឌា អ៉ីរ៉ង់ និងរុស្ស៉ី ហើយគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៤ ក្នុងទីក្រុងអ៉ីស្លាម៉ាបាដ។
គួរបញ្ជាក់ថា ការចាប់ផ្តើមប្រតិបត្តិការអាកាសយានដ្ឋាននេះ ត្រូវផ្អាកសម្រាប់ការត្រួតពិនិត្យសន្តិសុខ បន្ទាប់ពីមានការវាយប្រហារដ៏សាហាវ របស់ក្រុមសកម្មប្រយុទ្ធបំបែកខ្លួន កាលពីខែសីហា មកលើតំបន់ រដ្ឋាភិបាល និងអាកាសចរណ៍។ តាមផែនការដំបូង នាយរដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif គ្រោងសម្ពោធព្រលានយន្តហោះនេះ តាំងពីថ្ងៃទី១៤ ខែសីហាមកម្ល៉េះ រួមជាមួយក្រុមមន្ត្រីចិន ប៉ុន្តែវាត្រូវបានលុបចោលវិញ បន្ទាប់ពីក្រុមសិទ្ធិជនជាតិភាគតិច Baloch នាំគ្នាធ្វើការតវ៉ា៕