(ម៉ាឌ្រីដ)៖ មនុស្សរាប់ពាន់នាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ានៅក្នុងទីក្រុងម៉ាឌ្រីត កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដើម្បីទាមទារឱ្យមានដំណោះស្រាយ ជុំវិញបញ្ហាតម្លៃលំនៅដ្ឋាន ចំពោះមុខការខឹងសម្បាររបស់ជនជាតិ​អេស្ប៉ាញ ដែលនិយាយថា ​ពួកគេ​កំពុងត្រូវបានគេក្រឡុកទីផ្សារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ ២០២៤។

ដោយកាន់នូវស្លាកដែលសរសេរថា «លំនៅដ្ឋានគឺជាសិទ្ធិ មិនមែនអាជីវកម្ម» អ្នកស្រុកបានដើរដង្ហែរតាមដងផ្លូវ ក្នុងរដ្ឋធានីនៃប្រទេសអេស្ប៉ាញមួយនេះ ដើម្បីទាមទារបន្ទាបតម្លៃជួលផ្ទះ និងលក្ខខណ្ឌរស់នៅប្រសើរជាងមុន។ តាម​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ មានមនុស្ស​១២​,០០០​នាក់បានចូលរួម។ នៅឯ ទីក្រុងបាសេឡូ Barcelona ក្នុងថ្ងៃដដែលនោះ ក៏មានបាតុកម្មដាច់ដោយឡែកមួយទៀត ប្រឆាំងនឹងការប្រណាំងទូកក្តោង America's Cup ដោយក្រុមអ្នកតវ៉ា ស្តីបន្ទោសព្រឹត្តិការណ៍កីឡាអន្តរជាតិនោះ ថាបានជំរុញឱ្យតម្លៃជួលផ្ទះកាន់តែឡើងថ្លៃ និងនាំអ្នកទេសចរជាច្រើន ចូលមកក្នុងទីក្រុងដែលមានមនុស្សកកកុញ ស្រាប់ទៅហើយ។

គួរបញ្ជាក់ថា កាលពីខែកក្កដា រដ្ឋាភិបាលអេស្ប៉ាញ បានដាក់ចេញនូវចំណាត់ការបង្រ្កាប លើការជួលរយៈពេលខ្លី និងតាមរដូវកាល ដោយគ្រោងស៉ើបអង្កេតលើការចុះឈ្មោះជួលផ្ទះ តាមទម្រង់ App ដូចជា Airbnb ដើម្បីផ្ទៀងផ្ទាត់អាជ្ញាប័ណ្ណជាដើម។ អេស្ប៉ាញ ក៏កំពុងព្យាយាមរក្សាតុល្យភាព រវាងការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ច និងដោះស្រាយកង្វល់របស់ពលរដ្ឋដែលជួបប្រទះនឹងតម្លៃជួលខ្ពស់ ខណៈដែលម្ចាស់ផ្ទះជួលបានបង្វែរទៅជាការជួល ក្នុងលក្ខណៈទេសចរណ៍​ ដែលអាចរកប្រាក់បានច្រើន។

នៅឆ្នាំនេះ អ្នកស្រុកនៃកោះ Canary និង Malaga បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងការកើនឡើងនូវភ្ញៀវទេសចរ មកជួលស្នាក់នៅក្នុងតំបន់។ បុគ្គលិកផ្នែកបដិសណ្ឋារកិច្ចតាមរដូវកាល ត្រូវជួបការលំបាកក្នុងការស្វែងរកកន្លែងស្នាក់ តាមតំបន់ទេសចរណ៍ទាំងនេះ៕