(តៃប៉ិ)៖ នៅថ្ងៃចន្ទ ទី១៤ ខែតុលា មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានប្តេជ្ញាថា នឹងការពារដែនកោះនេះ ស្របពេលដែលយោធាចិន បានបើកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Lai បានបង្ហោះសារនៅលើ Facebook យ៉ាងដូច្នេះថា «នៅចំពោះមុខការគំរាមកំហែងពីខាងក្រៅ ខ្ញុំចង់ធានាអះអាងដល់ ជនរួមជាតិតៃវ៉ាន់ទាំងអស់ថា រដ្ឋាភិបាលទីក្រុងតៃប៉ិ នឹងនៅតែបន្តការពារ ប្រព័ន្ធរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យសេរី ព្រមទាំងសន្តិសុខជាតិរបស់កោះតៃវ៉ាន់»។
សមយុទ្ធយោធារបស់ចិន ដែលមិនត្រូវបានបញ្ជាក់ថា នឹងបញ្ចប់ទៅវិញនៅពេលណានោះ គឺធ្វើឡើងបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ បាននិយាយនៅក្នុងសុន្ទករថា នាឱកាសថ្ងៃបុណ្យជាតិតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា នឹងការពារអធិបតេយ្យតៃវ៉ាន់ ហើយទទូចថា ប៉េកាំងនិងតៃប៉ិ មិនមែនចំណុះឱ្យគ្នាទៅវិញទៅមកនោះទេ។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួន ហើយចិនមិនដែលបោះបង់ជម្រើស នៃការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ នៅថ្ងៃណាមួយឡើយ។ ទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ បាននិយាយថា សមយុទ្ធរបស់ខ្លួន គឺជាសារព្រមានមួយទៅកាន់ជនផ្ដាច់ខ្លួន ដែលប៉ុនប៉ងចង់បំបែកតៃវ៉ាន់ចេញពីចិន។ លោក Lai Ching-te បានឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់ កាលពីខែឧសភា ឆ្នាំនេះ ហើយត្រូវបានចិនចាត់ទុក ជាបុគ្គលមាននិន្នាការចង់បំបែករដ្ឋដ៏គ្រោះថ្នាក់៕