(តេអេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រកាសថា អ៊ីរ៉ង់មិនមានបន្ទាត់ក្រហមក្នុងការការពារខ្លួនទេ នៅចំពោះមុខការគំរាមកំហែងពីអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។
លោក Araqchi បានសរសេរនៅលើបណ្តាញសង្គម X នៅថ្ងៃអាទិត្យនេះថា «ខណៈពេលដែលយើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីទប់ស្កាត់សង្រ្គាម ដែលកើតឡើងនៅក្នុងតំបន់របស់យើង ខ្ញុំសូមនិយាយឲ្យច្បាស់ថា យើងមិនមានបន្ទាត់ក្រហម ក្នុងការការពារប្រជាជន និងផលប្រយោជន៍របស់យើងទេ»។
ការអត្ថាធិប្បាយបែបនេះរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទំនងជាចង់លុបបំបាត់ការលើកឡើងដែលថា អ៊ីរ៉ង់នឹងទទួលយកការវាយប្រហាររបស់អ៊ីស្រាអែល ដោយគ្មានការឆ្លើយតបបន្ថែមទៀត ដូចដែលទីក្រុងតេអេរ៉ង់បានធ្វើកាលពីដើមឆ្នាំនេះ នៅពេលដែលអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ចុងក្រោយបន្ទាប់ពីមានការបាញ់កាំជ្រួចរបស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានគំរាមម្ដងហើយម្ដងទៀតថាខ្លួននឹងសងសឹកយ៉ាងសាហាវបំផុត ប្រឆាំងនឹងអ៉ីរ៉ង់សម្រាប់ការបាញ់ស្រោចមីស៊ីលបាលស្ទីគជិត ២០០គ្រាប់ លើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលានេះ។
ក្រុមមន្ត្រីអាមេរិក ជឿជាក់ថាអ៉ីស្រាអែលអាចនឹងបើកការវាយប្រហារដោយកំណត់គោលដៅលើទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់ ជាការសងសឹកទៅនឹង ការវាយប្រហារដោយមីស៊ីលរបស់តេហេរ៉ង់ លើអ៉ីស្រាអែលកាលពីដើមខែតុលាកន្លងទៅនេះ៕