(បេរូត)៖ ក្រុមមន្ត្រីអាមេរិក ជឿជាក់ថាអ៉ីស្រាអែលអាចនឹងបើកការវាយប្រហារដោយកំណត់គោលដៅលើទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់ ជាការសងសឹកទៅនឹង ការវាយប្រហារដោយមីស៊ីលរបស់តេហេរ៉ង់ លើអ៉ីស្រាអែលកាលពីដើមខែតុលាកន្លងទៅនេះ។ នេះបើតាមសារព័ត៌មានអាមេរិក NBC ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

NBC កាលពីថ្ងៃសៅរ៍ ទី១២ ខែតុលា ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍ថាមិនមានសញ្ញាណាមួយបញ្ជាក់ថាអ៉ីស្រាអែល នឹងវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់នោះទេ ឬក៏ដឹកនាំសកម្មភាពធ្វើឃាតណាមួយនោះឡើយ។ មន្ត្រីអាមេរិកទាំងនោះបានប្រាប់ NBC ទៀតថាអ៉ីស្រាអែលមិនទាន់ធ្វើសម្រេចចិត្ត ចុងក្រោយថាតើត្រូវសងសឹកអ៉ីរ៉ង់ដោយរបៀបណា ឬនៅពេលណានៅឡើយទេ?

គួរបញ្ជាក់ថា អ៉ីស្រាអែលបានគំរាមម្ដងហើយម្ដងទៀតថាខ្លួននឹងសងសឹកយ៉ាងសាហាវបំផុត ប្រឆាំងនឹងអ៉ីរ៉ង់សម្រាប់ការបាញ់ស្រោចមីស៊ីលបាលស្ទីគជិត ២០០គ្រាប់ លើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលានេះ។ អ៉ីរ៉ង់បានអះអាងថាការវាយប្រហាររបស់ខ្លួនជាការសងសឹកទៅនឹងអ៉ីស្រាអែលដែលបានសម្លាប់មេដឹកនាំហេសបូឡានៅលីបង់ និងមេដឹកនាំហាម៉ាស នៅក្នុងទឹកដីអ៉ីរ៉ង់។ អ៉ីរ៉ង់ ក៏បានគំរាមដែរថានឹងសងសឹកអ៉ីស្រាអែលវិញ បើហ៊ានបាញ់តដៃប្រឆាំងនឹងខ្លួន៕