(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃអាទិត្យ ទី១៣ ខែតុលានេះបាននិយាយថាបានដាក់ឱ្យយោធារបស់ខ្លួនស្ថិតក្នុងលក្ខណៈប្រុងជើងការ ក្រោយប្រទះឃើញនាវាផ្ទុកយន្ដហោះចម្បាំង មួយគ្រឿងរបស់ចិន ធ្វើដំណើងនៅភាគខាងត្បូងនៃដែនកោះរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់ បានគូសបញ្ជាក់ដូច្នេះថា «នាវាផ្ទុកយន្ដហោះចម្បាំងចិន Liaoning បានធ្វើដំណើរចូលក្នុងដែនទឹកស្ថិតនៅក្បែរច្រកសមុទ្រ Bashi ហើយទំនងជានឹងបន្តធ្វើដំណើរឆ្ពោះចូលទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកប៉ែកខាងលិច»។ ក្រសួងបន្ថែមទៀតថាកងកម្លាំងតៃវ៉ាន់បានប្រុងជើងការ និងត្រៀមលក្ខខណៈធ្វើការឆ្លើយតប នៅក្នុងករណីចំាបាច់។
គួរបញ្ជាក់ថា ចិនបានបង្កើនការធ្វើសកម្មភាពយោធា នៅជុំវិញកោះតៃវ៉ាន់ នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយការបញ្ជូនយន្ដហោះចម្បាំង និងនាវាចម្បាំងឱ្យធ្វើសកម្មភាពស្ទើរជាប្រចាំ។ ការប្រទះឃើញនាវាផ្ទុកយន្ដហោះចម្បាំងចិន Liaoning នេះដែរ កើតមានឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមានចិនកាលពីថ្ងៃសុក្រកន្លងទៅនេះ ប្រឆាំងនឹងការធ្វើសកម្មភាពបង្ករឿងណាមួយលើតៃវ៉ាន់ ក្រោយការថ្លែងសុន្ទរកថារបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te អំឡុងថ្ងៃបុណ្យជាតិតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍។ លោក Lai Ching-te ដែលចិនចាត់ទុកថាជា «ជនឧទ្ទាមផ្ដាច់ទឹកដី» បានសន្យាថានឹងការពារអធិបតេយ្យរបស់តៃវ៉ាន់ ហើយទទូចថាចិន និងតៃវ៉ាន់មិនចំណុះឱ្យគ្នាទៅវិញទៅមកនោះទេ។
ចិនវិញ បានព្រមានថាសុន្ទរកថារបស់លោក Lai មានលក្ខណៈបង្ករឿងដែលនឹងអាចនាំទៅរកមហន្តរាយសម្រាប់ប្រជាជនតៃវ៉ាន់៕