(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន Yomiuri នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា បានរាយការណ៍ថានាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba មានបំណងពិចារណាធ្វើទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិក ដើម្បីជួបប្រធានាធិបតីជាប់ឆ្នោត នៅមុនការស្បថចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២៥។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Yomiuri ដោយផ្អែកលើការស្រង់សម្ដីរបស់លោក Shigeru Ishiba នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសោរ៍ម្សិលមិញ បានឱ្យដឹងថាលោកនាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើងថា «ក្នុង នាមជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន និងជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក វាគឺជារឿងចាំបាច់សម្រាប់ខ្ញុំ ដែលត្រូវមានទំនាក់ទំនងជាមួយប្រធានាធិបតីជាប់ឆ្នោត (របស់សហរដ្ឋអាមេរិក) នៅមុនការស្បថចូលកាន់តំណែងជាផ្លូវការនៅខែមករា ឆ្នាំក្រោយ»

បើតាមកាសែតជប៉ុននេះដដែល លោក Ishiba ក៏បានបញ្ជាក់ដែរថាលោកនឹងមិនច្រានចោលឡើយចំពោះលទ្ធភាពធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅមុន ឬនៅក្រោយគម្រោង បំពេញទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាមេរិកខាងត្បូង នៅពាក់កណ្ដាលខែក្រោយនេះ។ ប្រសិនបើទស្សនកិច្ចនោះកើតឡើងពិតមែន នោះវានឹងក្លាយជាទស្សនកិច្ចជាលើកដំបូង របស់លោក Ishiba ទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនក្នុងខែតុលានេះ។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក លោក Ishiba ត្រូវបានរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូល APEC នៅក្នុងប្រទេសប៉េរូ និងកិច្ចប្រជុំកំពូល G20 នៅប្រទេសប្រេស៊ីល នៅខែវិច្ឆិកា ខាងមុខនេះ៕