(បេរូត)៖​ មកទល់នឹងថ្ងៃសៅរ៍​ ទី១២​ ខែតុលា​ ឆ្នាំ​ ២០២៤​យោធាអ៉ីស្រាអែលបានបញ្ជាឱ្យប្រជាជនក្នុងភូមិចំនួន ២៣​ នៅភាគខាងត្បូងនៃប្រទេសលីបង់​ ជម្លៀសខ្លួនទៅកាន់តំបន់ភាគខាងជើងទន្លេ Awali ដែលហូរចេញពីជ្រលងភ្នំ Bekaa ភាគខាងលិច​ ចូលទៅសមុទ្រមេឌីទែរ៉ាណេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters​។

សេចក្តីថ្លែងការណ៍របស់យោធាអ៉ីស្រាអែល​ បានលេីកអំពីភូមិនៅភាគខាងត្បូងលីបង់ ដែលជាគោលដៅនៃការវាយប្រហាររបស់ខ្លួន​ នាពេលថ្មីៗនេះ និងដែលភាគច្រើនស្ទើរតែគ្មានមនុស្ស​ ហើយថាការជម្លៀសខ្លួន​ គឺជារឿងសម្រាប់សុវត្ថិភាពរបស់អ្នកស្រុក។ យោធានិយាយថា​មានការកើនឡើងនូវសកម្មភាពរបស់ក្រុមហេសបូឡា​។ ក្រុមនេះកំពុងប្រើប្រាស់ទីតាំង​ដើម្បីលាក់អាវុធ និងបើកការវាយប្រហារមកលេីអ៉ីស្រាអែល។ ប៉ុន្តែចលនាប្រដាប់អាវុធមួយនេះ បដិសេធ​លាក់​អាវុធ​ក្នុង​ចំណោម​ជន​ស៉ីវិល។

គួរបញ្ជាក់ថា​ ការវាយប្រហាររបស់អ៉ីស្រាអែល​ គឺកាន់តែខ្លាំងឡើងនៅភាគខាងត្បូងលីបង់ ជ្រលង Bekaa និងជាយក្រុងបេរូតភាគខាងត្បូង​ ដោយបេីតាមរដ្ឋាភិបាលលីបង់​ មនុស្សប្រមាណ ១.២លាននាក់​ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង​របស់ពួកគេ​ ចាប់តាំងពីថ្ងៃទី២៣​ ខែកញ្ញាមក៕