(វ៉ាសូវី)៖​ ប្រទេសប៉ូឡូញ​ គ្រោងផ្អាកជាបណ្តោះអាសន្ននូវការផ្តល់សិទ្ធិជ្រកកោន​ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណត់ការធ្វើចំណាកស្រុកខុសច្បាប់​ ចំពោះមុខភាពតានតឹងជាមួយប្រទេសបេឡារុស​ ដែលខ្លួនចោទថាមានចេតនាបទបញ្ជូនជនចំណាកស្រុកឆ្លងកាត់ព្រំដែន​។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី១២​ ខែតុលា​ ឆ្នាំ​ ២០២៤​។

នាយករដ្ឋមន្ត្រីប៉ូឡូញ​ លោក Donald Tusk បាននិយាយថា​ ធាតុផ្សំមួយនៃយុទ្ធសាស្ត្រទប់ស្កាត់ការធ្វើចំណាកស្រុក​ នោះគឺការព្យួរសិទ្ធិជ្រកកោណបណ្តោះអាសន្ន។​ លោកបានប្រាប់សមាជ​រៀបចំដោយសម្ព័ន្ធ Civic Coalition (KO) ដែលក្រុមនៃរដ្ឋាភិបាលចម្រុះរបស់ប្រទេសប៉ូឡូញថា លោកនឹងទាមទារឱ្យមានការទទួលស្គាល់​ នៅអឺរ៉ុប​ ចំពោះការសម្រេចចិត្តនេះ​។

តាមលោក Tusk សិទ្ធិជ្រកកោនកំពុងត្រូវបានប្រើប្រាស់ដោយប្រធានាធិបតីបេឡារុស​ លោក​ Alexander Lukashenko ប្រធានាធិបតីរុស្ស៉ី​ លោក វ្ល៉ាឌីមៀ​ ពូទីន​ និងអ្នករត់ពន្ធមនុស្ស​ តាមរបៀបដែលផ្ទុយនឹងខ្លឹមសារនៃសិទ្ធិជ្រកកោណ​។​ ប៉ុន្តែ រុស្ស៉ីបានបដិសេធ​។

គួរបញ្ជាក់ថា​ បញ្ហាចំណាកស្រុក​ក្នុងកម្រិតខ្ពស់​ មាននៅក្នុងរបៀបវារៈរបស់ប៉ូឡូញចាប់តាំងពីឆ្នាំ ២០២១មកម្ល៉េះ នៅពេលដែលមនុស្សមួយភាគច្រើន​ មកពីតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក​ ព្យាយាមឆ្លងកាត់តាមព្រំដែន​បេឡារុសដោយខុសច្បាប់​ ខណៈប៉ូឡូញ​ ក៏ដូចជាសហភាពអឺរ៉ុប​ ចាត់ទុកថាវាជាវិបត្តិរៀបចំឡេីងដោយទីក្រុងមីនស្ក៍ និងទីក្រុងមូស្គូ៕