(បេរូត)៖ កាលពីថ្ងៃសុក្រ ទី១១ ខែតុលា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសលីបង់ UNIFIL បានព្រមានពីហានិភ័យធ្ងន់ធ្ងរខ្លាំង សម្រាប់កងកម្លាំងមួកខៀវរបស់ខ្លួន បន្ទាប់ពីហេតុការណ៍ផ្ទុះ បានបង្កឱ្យសមាជិកបេសកកម្ម ២នាក់ទៀត រងរបួសនៅក្បែរព្រំដែនអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

UNIFIL បាននិយាយថា កាលពីថ្ងៃសុក្រ ទីស្នាក់ការរបស់ខ្លួននៅទីក្រុង Naqura បានទទួលរងហេតុការណ៍ផ្ទុះ ដែលជាលើកទី២ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយបណ្តាលឱ្យ កងកម្លាំងរក្សាសន្តិសុខ២នាក់ រងរបួស។ យោងតាមអ្នកនាំពាក្យ UNIFIL អ្នកទាំង២នោះ គឺជាកងកម្លាំងមួកខៀវមកពីស្រីលង្កា។ ឧប្បត្តិហេតុ កាលពីថ្ងៃសុក្រ កើតមានឡើង ក្រោយ UNIFIL បានអះអាងថា ទីតាំងរបស់ខ្លួន បានស្ថិតក្រោមការវាយប្រហារម្តងហើយម្តងទៀត និងបណ្តាលឱ្យកងកម្លាំងមួកខៀវឥណ្ឌូណេស៉ី២នាក់ រងរបួសកាលពីថ្ងៃព្រហស្បតិ៍។

យោធាអ៉ីស្រាអែល បានទទួលស្គាល់ថា កងកម្លាំងរបស់ខ្លួន បានកំណត់គោលដៅវាយប្រហារក្បែរ ទីតាំងរបស់បេសកកម្មរក្សាសន្តិភាព UN ដោយសារតែ ក្រុមហេសបូឡាធ្វើប្រតិបត្តិការ នៅតំបន់នោះ ប៉ុ​ន្តែបានអះអាងថា នឹងបើកការស៉ើបអង្កេតល្អិតល្អន់ ជុំវិញឧប្បត្តិហេតុទាំងនេះ។ អន្តរជាតិបាននាំគ្នាចេញមុខថ្កោលទោស ការវាយប្រហារលើ​ទីតាំងកងកម្លាំងរក្សាសន្តិភាព UN ដោយអ៉ីស្រាអែល។

គួរបញ្ជាក់ថា អ៉ីស្រាអែលនិងហេសបូឡា បាននិងកំពុងប្រយុទ្ធគ្នា នៅភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីសប្តាហ៍មុនមក នៅពេលអ៉ីស្រាអែល ប្រកាសចាប់ផ្តើមធ្វើ ប្រតិបត្តិការយោធាតាមផ្លូវគោកចូលលីបង់ ដើម្បីប្រឆាំងចលនាប្រដាប់អាវុធមួយនេះ ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក៕