(សេអ៊ូល)៖ ប្រមុខការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃអង្គារ ទី៨ ខែតុលានេះថា ទាហានកូរ៉េខាងជើង ទំនងជាបានចូលរួម ក្នុងការប្រយុទ្ធគ្នានៅអ៊ុយក្រែន ក្នុងនាមជាកងកម្លាំង របស់រុស្ស៉ី ហើយអ្នកខ្លះអាចបានស្លាប់រួចទៅហើយ ខណៈមានការរំពឹងថាអាចនឹងមានការបញ្ជូនទ័ពទៅបន្ថែមទៀត។ ការកត់សម្គាល់របស់ប្រមុខការពារជាតិកូរ៉េខាងត្បូង ធ្វើឡើងបន្ទាប់ពី ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន កាលពីពេលថ្មីៗនេះ បានរាយការណ៍ថាមន្រ្តីយោធាកូរ៉េខាងជើង ៦នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយមីស៉ីលអ៊ុយក្រែន លើទឹកដីដែលរុស្ស៉ីកំពុង កាន់កាប់ក្បែរតំបន់ដូណេត។

រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun បានប្រាប់សមាជិកសភា ដូច្នេះថា «ដោយពិចារណា ទៅលើកាលៈទេសៈផ្សេងៗ យើងវាយតម្លៃថាការកើតឡើងនូវ អ្នកស្លាប់ និងរបួសក្នុងចំណោមមន្រ្តី ក៏ដូចជាទាហានកូរ៉េខាងជើង នៅអ៊ុយក្រែន ទំនងជាអាចទៅរួច»។ លោកបានឱ្យដឹងទៀតថា កូរ៉េខាងជើង ក៏អាចនឹងបញ្ជូនទាហានបន្ថែមទៅគាំទ្រដល់សង្រ្គាម របស់រុស្ស៉ីផងដែរ ហើយការបញ្ជូននេះទៀតសោត ទំនងជាមានចែងក្នុងកិច្ចព្រមព្រៀងទ្វេភាគី ដែលស្រដៀងនឹងសម្ព័ន្ធភាពយោធារុស្ស៉ី-កូរ៉េខាងជើង។ ប៉ុន្តែ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលសេចក្ដីរាយការណ៍ពីវត្តមានកងទ័ពកូរ៉េខាងជើងនៅអ៊ុយក្រែនថាជារឿងមិនពិត។ ដោយឡែក កាលពីថ្ងៃពុធ ទី៩ ខែតុលា យោធាកូរ៉េខាងជើង បានប្រកាសពីការកាត់ផ្តាច់ទាំងស្រុងផ្លូវថ្នល់និងផ្លូវរថភ្លើង ដែលតភ្ជាប់ជាមួយកូរ៉េខាងត្បូង។

ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង គឺជាសម្ព័ន្ធមិត្តនឹងគ្នាចាប់តាំងពីការបង្កើតប្រទេសកូរ៉េខាងជើង ក្រោយសង្គ្រាមលោកលើកទី២ ហើយទំនាក់ទំនងប្រទេសទាំង២នេះ កាន់តែជិតស្និទ្ធឡើង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន នៅឆ្នាំ២០២២។ ក្រុមអ្នកជំនាញ បាននិយាយជាយូរមកហើយថា មីស៉ីលកូរ៉េខាងជើង ក៏កំពុងត្រូវបានរុស្ស៉ីដាក់ពង្រាយនៅអ៊ុយក្រែន។ ប៉ុន្តែទាំងទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បានបដិសេធ។ លោក Kang Dongwan ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយម្នាក់មកពីសាកលវិទ្យាល័យ Dong-A University បាននិយាយថា រុស្ស៉ីកំពុងត្រូវការកងទ័ព និងធនធានជាច្រើនទៀតសម្រាប់បំប៉នសង្រ្គាម ខណៈកូរ៉េខាងជើងត្រូវការការគាំទ្រពីរុស្ស៉ី ដើម្បីកសាងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ និងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ នេះបានន័យថាផលប្រយោជន៍របស់កូរ៉េខាងជើង គឺផ្សារភ្ជាប់គ្នាជាមួយផលប្រយោជន៍របស់រុស្ស៉ី។

* ស្រង់យកបទពិសោធន៍លើសមរភូមិប្រយុទ្ធពិតៗ?
ក្រុមអ្នកជំនាញយល់ថាការបញ្ជូនទ័ពទៅជួយរុស្ស៉ី បន្ថែមពីលើការផ្គត់ផ្គង់អាវុធ គឺជាជំហានបន្ទាប់ដ៏សមហេតុសមផលមួយ។ «សម្រាប់កូរ៉េខាងជើង វាគឺជារឿងសំខាន់បំផុតដើម្បីរៀនពីរបៀប ប្រើប្រាស់អាវុធផ្សេងៗគ្នា និងស្រង់យកបទពិសោធន៍នៅក្នុងសង្រ្គាមពិតៗ ហើយដែលទាំងនេះអាចជាកត្តាជំរុញមួយនៅពីក្រោយការបញ្ជូនទាហានកូរ៉េខាងជើង ទៅដកស្រង់យកបទពិសោធន៍ ចម្រុះ និងការហឹ្វកហាត់នៅក្នុងសង្រ្គាមជាក់ស្ដែង»។ នេះជាការយល់ឃើញរបស់លោក Lim Eul-chul ជាសាស្ត្រាចារ្យម្នាក់មកពីវិទ្យាស្ថាន Seoul's Institute for Far Eastern Studies។

បើតាមសាស្ត្រាចារ្យរូបនេះដដែល វាអាចទៅរួចថាមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងមួយចំនួន ត្រូវបានបញ្ជូនទៅកាន់រុស្ស៉ី ដើម្បីជួយបង្រៀនកងទ័ពរុស្ស៉ីពីរបៀបគ្រប់គ្រងអាវុធកូរ៉េខាងជើង ឬក៏ បង្រៀនពីរបៀបប្រើប្រាស់។ លោកបន្ថែមថាអ្វីដែលជារឿងថ្មី នោះគឺមិនត្រឹមតែជាការបន្តការប្រើប្រាស់កាំភ្លើងធំ និងអាវុធផ្ដល់ដោយកូរ៉េខាងជើងប៉ុណ្ណោះទេ តែក៏បង្ហាញផងដែរពីការកើនឡើង នៃការចូលរួមរបស់ព្យុងយ៉ាង តួយ៉ាងដូចជាការប្រើប្រាស់ទាហានកូរ៉េខាងជើងជាកម្លាំងជំនួយបន្ថែម ខណៈសង្រ្គាមបន្តអូសបន្លាយ។ តែទោះជាយ៉ាងនេះក្ដី សំណួរដ៏សំខាន់មួយដែលគេត្រូវ ឆ្លើយផងនោះ គឺថាតើអ្វីទៅដែលកូរ៉េខាងជើង អាចទទួលបានមកវិញពីរុស្ស៉ី?

គួរបញ្ជាក់ថា កូរ៉េខាងជើង ត្រូវបានហាមឃាត់ដោយទណ្ឌកម្មអង្គការសហប្រជាជាតិ ពីការធ្វើតេស្ដរាល់បច្ចេកវិទ្យាមីស៊ីលបាលិស្ទីគ។ ប៉ុន្តែ ទីក្រុងមូស្គូបានប្រើប្រាស់សិទ្ធិអំណាចវេតូរបស់ខ្លួន នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែមីនាកន្លងទៅ ដើម្បីបិទបញ្ចប់យន្ដការតាមដានរបស់ UN លើការបំពានការអនុវត្តទណ្ឌកម្ម ដែលធ្វើឱ្យទីក្រុងព្យុងយ៉ាងពេញចិត្តស្ដូក។ ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ កាន់តែពង្រឹងទំនាក់ទំនងស៊ីជម្រៅ ចាប់តាំងពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២មក។

ដោយក្នុងនោះប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះសន្ធិសញ្ញាយោធាមួយ កាលពីខែមិថុនាកន្លងទៅនេះជាមួយការសន្យាថានឹងផ្ដល់ជំនួយយោធាភ្លាមៗឱ្យគ្នាទៅវិញទៅមក ប្រសិនបើ ភាគីម្ខាងណារងការឈ្លានពាន ឬការវាយប្រហារពីសត្រូវ។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខា អំឡុងដំណើរទស្សនកិច្ចជាលើកដំបូងបំផុតរបស់លោក ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងរយៈពេល២៤ឆ្នាំ។ ក្រោយជំនួបជាមួយលោក ពូទីន លោក គីម បានហៅសន្ធិសញ្ញារវាងកូរ៉េខាងជើង និងរុស្ស៉ី ថាជា«សន្ធិសញ្ញាដ៏មានថាមពលបំផុត» ដែលប្រទេសទាំង២ បានចុះហត្ថលេខា ហើយលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំង២ទៅជាសម្ព័ន្ធមិត្ត៕