(វ៉ាស៉ីនតោន)៖ អនុប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានលើកឡើងនូវភាពចាំបាច់ ក្នុងការកាត់បន្ថយភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា ដែលបច្ចុប្បន្នស្ថិតក្នុងហានិភ័យនៃជម្លោះទ្រង់ទ្រាយធំ ចំពោះមុខសង្គ្រាមរបស់អ៉ីស្រាអែលជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងជាមួយក្រុមហេសបូឡា នៅលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ ២០២៤។

មកទល់នឹងពេលនេះ កិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា និងសំណើបទឈប់បាញ់មួយ នៅលីបង់ មិនទាន់សម្រេចបានទេ ស្របពេលដែលតំបន់ជម្ឈិមបូព៌ា កំពុងរងចាំមើលចំណាត់ការសងសឹករបស់អ៉ីស្រាអែល ចំពោះការវាយប្រហារដោយមីស៉ីលជិត ២០០គ្រាប់របស់អ៉ីរ៉ង់ កាលពីសប្តាហ៍មុន។ លោកស្រី Harris បានប្រាប់ក្រុមអ្នកកាសែត នៅពេលចាកចេញពីទីក្រុង Las Vegas ដូច្នេះថា «យើងត្រូវតែសម្រេចឱ្យបាននូវបទឈប់បាញ់មួយ ហើយស្ថានការណ៍តានតឹង នៅហ្កាហ្សា និងលីបង់ ត្រូវតែបន្ធូរបន្ថយ»។

គួរបញ្ជាក់ថា សង្រ្គាមអ៉ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សាបានសម្លាប់មនុស្សជិត ៤២,០០០នាក់ ដោយបើតាមមន្រ្តីប៉ាឡេស្ទីន ប្រជាជនស្ទើរតែទាំងអស់ក្នុងតំបន់បានផ្លាស់ទីលំនៅ។ ដោយឡែក នៅឯលីបង់វិញ ប្រតិបត្តិការយោធាអ៉ីស្រាអែល ដែលកំណត់គោលដៅលើក្រុមហេសបូឡា នាពេលថ្មីៗនេះ ក៏បានសម្លាប់មនុស្សខ្ទង់រយនាក់ របួសរាប់ពាន់នាក់ និងជាងមួយលាននាក់ត្រូវជម្លៀសខ្លួន៕