(កៀវ)៖ សភាអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះបានអនុម័តការដំឡើងពន្ធសំខាន់ៗ ជាលើកដំបូង ចាប់តាំងពីសង្រ្គាមជាមួយរុស្ស៊ីបានផ្ទុះឡើង កាលពីឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

ការដំឡើងពន្ធនេះ មានគោលបំណងពង្រឹងហិរញ្ញវត្ថុរបស់ប្រទេស និងផ្តល់មូលនិធិដល់កងទ័ពអ៊ុយក្រែន។ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បាននិយាយថា កម្រិតពន្ធបច្ចុប្បន្ន មិនគ្រប់គ្រាន់ ដើម្បីគ្របដណ្តប់ការចំណាយលើវិស័យការពារជាតិ ដែលបានកើនឡើងចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។ ការដំឡើងពន្ធនេះ នឹងនាំមកនូវប្រាក់ចំណូលបន្ថែម ជាង ២០០លានដុល្លារ សម្រាប់ថវិកាជាតិ នៅឆ្នាំនេះ និងជាង ១ពាន់លានដុល្លារ នៅឆ្នាំក្រោយ។

ទោះបីជាមានការដំឡើងពន្ធក៏ដោយ អ៊ុយក្រែននៅតែត្រូវការជំនួយហិរញ្ញវត្ថុ ពីបរទេស ដើម្បីរក្សាតុល្យភាពថវិការបស់ខ្លួន។ ក្រសួងហិរញ្ញវត្ថុ បាននិយាយថា ជំនួយបរទេស គឺមានសារៈសំខាន់ សម្រាប់ការចំណាយមិនមែនយោធា ដូចជាប្រាក់សោធននិវត្តន៍ ប្រាក់ខែរដ្ឋ និងការចំណាយសង្គមផ្សេងៗទៀត។

ច្បាប់ពន្ធថ្មីនេះ រួមបញ្ចូលទាំងការដំឡើងពន្ធសង្រ្គាម ពន្ធលើប្រាក់ចំណូលសហគ្រិន និងអាជីវកម្មខ្នាតតូច ពន្ធលើប្រាក់ចំណេញរបស់ធនាគារ និងក្រុមហ៊ុនហិរញ្ញវត្ថុ។ ច្បាប់នេះ នឹងចូលជាធរមាន បន្ទាប់ពីប្រធានាធិបតី Volodymyr Zelenskiy ចុះហត្ថលេខា៕