(ឡុងដ៍)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmer និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការគាំទ្រ ដែលអ៊ុយក្រែនត្រូវការ ក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

ជំនួបនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល នៃអ្នកគាំទ្រសំខាន់ៗរបស់អ៊ុយក្រែន ត្រូវបានលុបចោល ដោយសារតែប្រធានាធិបតីអាមេរិក Joe Biden បានលុបចោលដំណើរទស្សនកិច្ចរបស់លោក ដើម្បីផ្តោតលើការឆ្លើយតបទៅនឹងព្យុះ Hurricane Milton។

លោក Zelenskiy និង លោក Starmer បានពិភាក្សាអំពីស្ថានភាពនៃសង្រ្គាម នៅអ៊ុយក្រែន និងតម្រូវការសម្រាប់ការគាំទ្របន្ថែមទៀត ពីលោកខាងលិច។ លោក Zelenskiy បានស្នើសុំមីស៊ីលរយៈចម្ងាយឆ្ងាយ និងជំនួយយោធាផ្សេងទៀត ដើម្បីជួយអ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ លោក Starmer បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការគាំទ្រអ៊ុយក្រែន។

អ្នកនាំពាក្យរបស់លោក Starmer បានគូសបញ្ជាក់ថា ចក្រភពអង់គ្លេសគាំទ្រសិទ្ធិរបស់អ៊ុយក្រែន ក្នុងការវាយប្រហារគោលដៅនៅក្នុងទឹកដីរុស្ស៊ី ប៉ុន្តែមិនបានផ្លាស់ប្តូរជំហររបស់ខ្លួន លើការផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយនោះទេ។ អ្នកនាំពាក្យរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «យើងច្បាស់ជាចង់ដាក់អ៊ុយក្រែនឱ្យស្ថិតក្នុងទីតាំងខ្លាំងបំផុត។ ប៉ុន្តែគ្មានសង្រ្គាមណាមួយត្រូវបានឈ្នះដោយអាវុធតែមួយនោះទេ»

លោក Zelenskiy ក៏បានជួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ផងដែរ។ លោក Rutte បាននិយាយថា អង្គការណាតូ នឹងបន្តគាំទ្រអ៊ុយក្រែន ក្នុងការការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ទោះយ៉ាងណាលោកបាននិយាយថា ការសម្រេចចិត្តផ្តល់អាវុធរយៈចម្ងាយឆ្ងាយ គឺអាស្រ័យលើសម្ព័ន្ធមិត្តនីមួយៗ។

គួរបញ្ជាក់ថា លោក Zelenskiy កំពុងធ្វើដំណើរទស្សនកិច្ចនៅអឺរ៉ុប ដើម្បីជួបសម្ព័ន្ធមិត្ត និងស្វែងរកការគាំទ្របន្ថែមទៀត សម្រាប់អ៊ុយក្រែន៕