(វៀងចន្ទន៍)៖ អំឡុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានជំរុញឱ្យបណ្តាមេដឹកនាំប្រទេសអាស៊ាន ព្រមទាំងចិន ព្យាយាមពន្លឿនជាបន្ទាន់នូវ កិច្ចប្រឹងប្រែងចរចាស្តីពីក្រមប្រតិបត្តិ សម្រាប់​សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤។

ថ្លែងនៅប្រទេសឡាវ អំឡុងកិច្ចប្រជុំកំពូលរវាងក្រុមមេដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីចិន លោក Li Qiang លោក Marcos បាននិយាយថា វាជារឿងចាំបាច់ និងបន្ទាន់ ក្នុងការសម្រេចឱ្យបាន វឌ្ឍនភាពច្បាស់លាស់ ក្នុងកិច្ចចរចាក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ហើយ​ភាគីទាំងអស់ ត្រូវតែបើកទូលាយ ប្រកបដោយជំហរប្រាកដប្រជា ចំពោះការដោះស្រាយបញ្ហាខ្វែងគំនិតគ្នា និងការបន្ធូរបន្ថយភាពតានតឹង។

ហ្វីលីពីននិងចិន បានជួបហេតុការណ៍ប្រឈមមុខដាក់គ្នាយ៉ាងញឹកញាប់ ក្នុងតំបន់មានបញ្ហាវិវាទ នៅសមុទ្រចិនខាងត្បូង ដោយទីក្រុងម៉ានីលចោទចិនជាអ្នកបង្កហេតុ ខណៈទីក្រុងប៉េកាំង អះអាងថា សកម្មភាពរបស់ខ្លួន គឺជាការការពារអធិបតេយ្យរបស់ចិន។ ក្រៅពីហ្វីលីពីន ចិនក៏មានបញ្ហាវិវាទទឹកដី នៅសមុទ្រចិនខាងត្បូង ជាមួយប្រទេសមួយចំនួនទៀត ដែលជាសមាជិកអាស៊ាន ផងដែរ។

គួរបញ្ជាក់ថា គំនិតស្តីពីក្រមប្រតិបត្តិដែនទឹក សម្រាប់តំបន់សមុទ្រដែលមានបញ្ហាជម្លោះមួយនេះ គឺត្រូវបានព្រមព្រៀងគ្នាដំបូង រវាងចិននិងអាស៊ាន ចាប់តាំងតែពីឆ្នាំ២០០២ម៉្លេះ ប៉ុន្តែនីតិវិធីផ្លូវការនៃការបង្កើតក្រមប្រតិបត្តិនោះឡើង ទើបតែបានចាប់ផ្តើមនៅឆ្នាំ២០១៧ប៉ុណ្ណោះ ហើយទោះជាបែបនោះក៏ដោយ មកទល់ពេលនេះ វាមានវឌ្ឍនភាពយឺតបំផុត៕