(ជីស៉ីនូ)៖ ប្រធានគណៈកម្មការរបស់សហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen គ្រោងទៅដល់ ប្រទេសម៉ុលដាវី នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលានេះ សម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតី លោកស្រី Maia Sandu និងដើម្បីសម្តែងការគាំទ្រ មុនការបោះឆ្នោតប្រធានាធិបតីម៉ុលដាវី ថ្ងៃទី២០ ខែតុលា ក៏ដូចជាការធ្វើប្រជាមតិ ទៅលើដំណើរការចូលជាសមាជិក EU។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Sandu កំពុងស្វែងរកអាណត្តិទីពីរ ពីការបោះឆ្នោតប្រធានាធិបតី ដែលត្រូវធ្វើឡើងស្របពេលគ្នានឹងការធ្វើប្រជាមតិ ដាក់ផែនការចូលជាសមាជិក EU ឱ្យក្លាយជាគោលដៅយុទ្ធសាស្ត្រ នៃរដ្ឋធម្មនុញ្ញ។ តាមសេចក្តីថ្លែងការណ៍ ពីការិយាល័យប្រធានាធិបតីម៉ុលដាវី «ដំណើរទស្សនកិច្ចនេះ នឹងគូសរំលេចអំពីទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងទីក្រុងជីស៉ីនូ​ និងទីក្រុងព្រុចសែល»

គួរបញ្ជាក់ថា ការស្ទង់មតិមួយបង្ហាញថា លោកស្រី Sandu ទទួលបានការគាំទ្រឱ្យឈ្នះការបោះឆ្នោត ហើយនាំមុខគូប្រជែងចំនួន ១០ផ្សេងទៀត។ ការស្ទង់មតិដដែលនេះ ក៏បង្ហាញផងដែរថា ភាគច្រើននៃជនជាតិម៉ុលដាវី គាំទ្រការចូលជាសមាជិក EU៕