(វៀងចន្ទន៍)៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសរុស្ស៉ី លោក Sergey Lavrov បានធ្វើដំណើរមកដល់ ទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៉ីបូព៌ាលើកទី១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS នាថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤។

កិច្ចប្រជុំកំពូលអាស៉ីបូព៌ា ហៅកាត់ EAS នឹងបើកធ្វើនៅថ្ងៃសុក្រសប្តាហ៍នេះ ក្រោយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ​ដទៃទៀត ដែលកំពុងប្រារព្ធឡើង នៅក្នុងប្រទេសឡាវ។ ក្រៅពីចូលរួមកិច្ចប្រជុំអាស៉ីបូព៌ា លោក Lavrov ក៏នឹងមានជំនួបទ្វេភាគីមួយចំនួនផងដែរ។ បញ្ហាស្តីពីសន្តិសុខនៅតំបន់អាស៉ីប៉ាស៉ីហ្វិក ចំពោះមុខការកើនឡើងបញ្ហាប្រឈម មកពីខាងក្រៅ ត្រូវបានរំពឹងថា នឹងស្ថិតក្នុងរបៀបវារៈចម្បង នៃកិច្ច​ប្រជុំ EAS។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៉ីបូព៌ា តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងស្របពេលគ្នា ជាមួយកិច្ចប្រជុំកំពូលអាស៊ាន។ ប្រទេសដែលចូលរួមកិច្ចប្រជុំកំពូល EAS រួមមានសមាជិកអាស៊ានទាំង១០ និងប្រទេស៨ទៀតដែលជាដៃគូ រួមមានអូស្រ្តាលី ចិន ជប៉ុន ឥណ្ឌា នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៉ី និងអាមេរិក។ នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ក៏បានមកដល់ទីក្រុងវៀងចន្ទន៍ផងដែរ។ រុស្ស៉ីនិងសហរដ្ឋអាមេរិក បានចូលរួមកិច្ចប្រជុំកំពូលអាស៉ីបូព៌ាជាប្រចាំ ចាប់តាំងតែពីឆ្នាំ២០១១មក៕