(វៀងចន្ទន៍)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ​Antony Blinken នាថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរមកដល់ប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំមួយចំនួន នៃព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤។

លោក Blinken បានជិះយន្តហោះមកដល់ រដ្ឋធានីវៀងចន្ទន៍របស់ឡាវ ក្នុងនាមជាអ្នកតំណាងឱ្យសហរដ្ឋអាមេរិក ដើម្បីចូលរួម​កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ក៏ដូចជាកិច្ចប្រជុំកំពូលអាស៉ីបូព៌ា ដែលរួមមានអាស៊ាន និងប្រទេស៨ទៀត គឺអូស្រ្តាលី ចិន ជប៉ុន ឥណ្ឌា នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៉ី និងអាមេរិក។ លោក Blinken ត្រូវបានរំពឹងថា នឹងលើកឡើងអំពីបញ្ហាផ្សេងៗ រួមមាន​មីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងអ៊ុយក្រែន ជាដើម។

គួរបញ្ជាក់ថា វាគឺជាឆ្នាំទី២ជាប់គ្នាហើយ ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនបានមកចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដឹកនាំដោយអាស៊ាន។ កាលពីឆ្នាំមុន អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានមកចូលរួមជំនួសលោក បៃដិន៕