(ខាទុំ)៖ មេដឹកនាំនៃកងកម្លាំងទាហានប៉ារ៉ា (RSF) លោក Mohamed Hamdan Dagalo បានចោទប្រកាន់ប្រទេសអេហ្ស៉ីប ថាជាប់ពាក់ព័ន្ធនឹងការវាយប្រហារតាមផ្លូវអាកាស មកលើទាហានរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័តមាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ ២០២៤។

លោក Dagalo បញ្ជាក់ថា «អេហ្ស៉ីប ប្រើគ្រាប់បែករបស់សហរដ្ឋអាមេរិក ក្នុងការវាយប្រហាររបស់ខ្លួន។ បើអាមេរិកមិនយល់ព្រមទេ គ្រាប់បែកទាំងនោះក៏មិនអាច ទៅដល់ស៊ូដង់ដែរ»។ លោកក៏បានចោទប្រកាន់ទីក្រុងគែរ ផងដែរ អំពីការបណ្តុះបណ្តាល និងផ្តល់យន្តហោះដ្រូន ដល់កងទ័ពជាតិស៊ូដង់ ដែលជាភាគីម្ខាងទៀតនៃសង្រ្គាមជិត ១៨ខែរបស់ប្រទេសនេះ។ ប៉ុន្តែក្រសួងការបរទេសអេហ្ស៉ីប បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលនូវការចោទប្រកាន់នេះ ព្រមជាមួយនិងការអំពាវនាវឱ្យសហគមន៍អន្តរជាតិ ចូលរួម​ស្វែងរក​ភស្តុតាង​មកបញ្ជាក់សំដីលោក Dagalo។

គួរបញ្ជាក់ថា ដោយភាពជិតស្និទ្ធនឹងកងទ័ពស៊ូដង់ និងជាមួយប្រមុខនៃកងទ័ព លោក Abdel Fattah al-Burhan អេហ្ស៉ីបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដោយសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត ដើម្បីជួយសម្របសម្រួលជម្លោះ។ ទីក្រុងគែរ ក៏បានរៀបចំកិច្ចពិភាក្សារវាងបក្សនយោបាយ ដែលជាគូប្រជែងនឹងគ្នា កាលពីដើមឆ្នាំនេះផងដែរ។

សង្រ្គាមនៅក្នុងប្រទេសស៊ូដង់ រវាងកងទ័ពជាតិ និងកងកម្លាំងទាហានប៉ារ៉ា បានចាប់ផ្តើមកាលពីខែមេសា ឆ្នាំ ២០២៣ បង្ខំឱ្យមនុស្សជិត ១០លាននាក់ផ្លាស់ទីលំនៅ ភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្ស៕